ឪពុកយុវជនខ្មែរកាត់អាមេរិកម្នាក់នេះ ថាកូនខ្លួនអាចលេងនៅ Premier League បាន
លោក ម៊ូរីស ចាន់ (Maurice Chan) ដែលត្រូវជាឪពុកបង្កើតរបស់ ឡូអិក ចាន់ (Loic Chan) យល់ថា កូនប្រុសរបស់លោកអាចលេងនៅក្របខណ្ឌ English Premier League បាននៅថ្ងៃណាមួយ។

ឆ្លើយឆ្លងជាមួយក្រុមការងារព័ត៌មានកីឡាប៉ុស្តិ៍លេខ៥ លោក ម៊ូរីស បានប្រាប់ថា៖ “ស្ទាយលេងនៅ Premier League និង La Liga គឺខុសគ្នាឆ្ងាយណាស់។ សម្រាប់ខ្ញុំគិតថា Premier League មានការប្រកួតស្វិតស្វាញជាង La Liga។ សម្រាប់ពេលនេះ ខ្ញុំគិតថា កូនប្រុសខ្ញុំគួរតែលេងនៅទីណាដែលសក្កិសមនឹងសមត្ថភាពគេសិន។ ដូច្នេះបានន័យថា ពេលនេះគេនៅមិនទាន់អាចលេងនៅក្របខណ្ឌកំពូលដូចជា Premier League ឡើយ ប៉ុន្តែនរណាទៅដឹងថាថ្ងៃណាមួយគេអាចទៅបន្តអាជីពនៅទីនោះ?”

បុរសធ្លាប់ធ្វើតួស្តាន់ក្នុងខ្សែភាពយន្តហូលីវូតរូបនេះក៏បានប្រាប់បន្ថែមទៀតថា លោកយល់ថា ឡូអិក អាចនឹងប្រឡូកនៅលើទឹកដីអង់គ្លេសថ្ងៃណាមួយ ប៉ុន្តែពេលនេះគេត្រូវផ្តោតកសាងសមត្ថភាពលើទឹកដីអេស្បាញជាមុនសិន។
សូមបញ្ជាក់ថា លោក ម៊ូរីស ចាន់ មានឈាមជ័រជាខ្មែរ ប៉ុន្តែបានផ្លាស់ទៅរស់នៅប្រទេសបារាំងអស់ជាច្រើនឆ្នាំមកហើយ និងបង្កើតបានគ្រួសារដ៏កក់ក្តៅមួយនៅទីនោះ។
ឡូអិក ចាន់ ដែលជាកូនប្រុសរបស់លោក ត្រូវបានលោកបញ្ជូនទៅសាលាបាល់ទាត់នៅប្រទេសបារាំងតាំងពីគេនៅកុមារភាពម្ល៉េះ លុះមកទល់ពេលនេះគេត្រូវបានក្លិប Mallorca នៅអេស្បាញចាប់អារម្មណ៍ និងនាំយករូបគេមកហ្វឹកហាត់ និងប្រកួតនៅទីនេះ។
សព្វថ្ងៃ ឡូអិក ចាន់ កំពុងស្ថិតក្នុងឈុត B នៃថ្នាលក្លិប Mallorca ហើយអាចនឹងប្រូម៉ូតឡើងមកលេងឈុត A នៅឆ្នាំក្រោយនេះ៕

ប្រភព៖ TV5
热门评论
评论