ខ្លះៗ ពីបឹងប្រវត្តិសាស្ត្រ យក្សឡោម
បឹងយក្សឡោម មានទីតាំងស្ថិតនៅខេត្ត រតនគិរី ដែលបានប្រហែលតែ ៥គីឡូម៉ែត្រពីទីរួមខេត្ត(ក្រុងបានលុង) តែប៉ុណ្ណោះ។ បឹងយក្សឡោមនេះទៀតសោត ជាទីគួរកម្សាន្ត ដោយសារតែបឹងនេះ ពេញពោរទៅព្រៃប្រឹក្សាធំៗ មានដើមម៉ាក់ប្រេង ម៉ាក់ប្រាង ដើមសិរមាន់ ដុះប្រៀបមាត់បឹង ចោលមែកចោលធៀងទៅក្នុងទឹកបឹងដ៏ត្រជាក់គួរជាទីទស្សនាកម្សាន្តក្រៃលែង ហើយក៏នៅមានដើមឈើធំនិងមានតម្លៃជាច្រើនដុះជាជួរៗតាមដងរុក្ខវិថីក្នុងតំបន់បឹងផងដែររួមមាន ដើមស្រឡៅ ដើមគគីរ ដើមកកោះ ដើមនាងនួន ដើមធ្នង់ ដើមក្រញូងធំៗខ្លាំងណាស់ ជួនកាលបើក្រឡេកមើលទៅលើដើមអស់យើងតែងពើបប្រទះភ្នែកនឹងសត្វស្វា សត្វតូច និងបក្សាបក្សីរាប់ជំពូកផ្សេងទៀត។
បើគ្រាន់តែឮឈ្មោះថា យក្សឡោម យើងនឹងប្លែក រកនឹករលឹកថាឈ្មោះនេះ មានហេតុភេទបែបណាបានជាមានឈ្មោះបែបនេះ? ខាងក្រោមនេះជាប្រវត្តិខ្លះៗពាក់ពន្ធនឹងបឹងយក្សឡោម។
បឹងយក្សឡោមនេះ បើតាមសៀវភៅសិក្សាបានប្រឌិតនៅរឿងព្រេងមួយឡើងអោយពាក់ព័ន្ធនឹងឈ្មោះបឹងនេះ ដោយមានដំណាលសង្ខេបដូចខាងក្រោម: កាលពីដើមឡើយ មានស្ដេចយក្សមួយអង្គ មានរឹទ្ធិអំណាចខ្លាំងណាស់។ ដោយស្ដេចយក្សអង្គនោះ ក៏មានបុត្រីមួយអង្គ មានរូបឆោមឡោមព៌ណគួរជាទីស្នេហានៃបុរសទាំងពួង ហើយអ្វីដែលពិសេសទៀតនោះបិត្តីយក្សនេះគឺមានក្លិនខ្លួនក្រអូប កាលណាបើបុរសឯណាបានស្រង់ក្លិនរូបកាយនាងហើយ បុរសនោះនឹងចាប់ចិត្តប្រតិព័ទ្ធលើនាងជាមិនខាន។ ថ្ងៃមានបុរសម្នាក់ដែលបានលបលួចស្រលាញ់គ្នានឹងកូនស្ដេចយក្ស ដោយខ្លាចយក្សជាបិតាដឹងថាខ្លួនមានស្នេហានឹងមនុស្សា នាងកូនយក្សក៏បានរត់តាមបុរសនោះទៅរស់នៅក្នុងព្រៃតែពីនាក់។ ក្រោយពីដឹងដំណឹងថាកូនរបស់ខ្លួនមានស្នេហា ហើយបាននាំគ្នារត់ ស្ដេចយក្សក៏នាំទ័ពតាមរកកូនស្រីរបស់ខ្លួន តែរកមិនឃើញ រហូតដល់ចំនុចបឹងយក្សឡោមនេះ ស្ដេចបានធំក្លិនខ្លួនរបស់កូនស្រី ស្ដេចយក្សក៏បញ្ជាអោយទ័ពយក្សទាំងឡាយ ដកព្រៃប្រឹក្សា កាយដីរកបត្រីរបស់ខ្លួន ទើបបង្កើតអោយមានជាបឹងដ៏ធំមួយកើតឡើង ហើយដោយសារតែបឹងនេះកើតឡើងដោយស្ដេចយក្សមកឡោមព័ទ្ធជីកកកាយរកបុត្រីខ្លួនក៏ធ្វើអោយបឹងមួយនេះមានឈ្មោះថា បឹងយក្សឡោម រហូតមកដល់សព្វថ្ងៃ។
@សរសេរដោយ ឆាន់ សុភ័ត្រា



热门评论
评论