កម្មវិធី Team Building ធ្វើចំបុណ្យអុំទូក ជាឱកាសផ្សព្វផ្សាយវប្បធម៌ខ្មែរ ទៅកាន់ជនបរទេស
ត្បិតប្រទេសកម្ពុជា មានការអាក់ខានមិនបានរៀបចំប្រារព្ធពិធីប្រណាំងទូក នៅតាមបណ្តោយដងទន្លេសាបយ៉ាងណាក៏ដោយ ប៉ុន្តែថ្នាក់ដឹកនាំ TNAOT APP បានបង្កើតកម្មវិធីកម្សាន្តជុំគ្នា សម្រាប់បុគ្គលិកទាំងអស់ ដែលមានឈ្មោះថា Team Building ។
ពិធីអបអរសាទរបុណ្យអុំទូក និង Team Building (ការបង្កើតស្មារតីក្នុងក្រុម) TNAOT APP ត្រូវបានរៀបចំឡើងធ្វើ នៅខាងមុខទីស្នាក់ការរបស់ក្រុមហ៊ុនកោះថ្មីតិចណូឡូជី យ៉ាងគគ្រឹកគគ្រេង កាលពីថ្ងៃម្សិលមិញនេះ។
បុគ្គលិកទាំងជនជាតិចិន និងខ្មែរនៃ TNAOT APP បានរួមគ្នាបង្កើតឱ្យមានស្នាមញញឹម និងភាពសប្បាយរីករាយ តាមរយៈការលេងល្បែងសាមគ្គី ការទទួលទានអាហាររួមគ្នា ការចាប់រង្វាន់ និងការទទួលបណ្ណសរសើរពីក្រុមហ៊ុន ដែលទិដ្ឋភាពនេះ ហាក់គាស់រំលើងឡើងវិញ បន្ទាប់ពីពិភពលោកបានជួបប្រទះនូវវិបត្តិជំងឺកូវីដ១៩។
លោក ហ៊ីម សេរី ប្រធានគ្រប់គ្រងធនធានមនុស្សនៃ TNAOT APP បានឱ្យដឹងថា Team Building ត្រូវបានរៀបចំឡើងស្របពេលកម្ពុជា មានព្រះរាជពិធីបុណ្យអុំទូក គឺជាឱកាសដើម្បីបង្ហាញឱ្យបរទេសដែលកំពុងធ្វើការនៅក្រុមហ៊ុន បានស្គាល់ពីវប្បធម៌ប្រពៃ ណីខ្មែរ ដែលល្អឯកនេះ ព្រោះនៅក្រុមហ៊ុន បុគ្គលិកខ្មែរមានរហូតដល់ទៅ៩០% រីឯជនជាតិចិនមានប្រមាណ១០%ប៉ុណ្ណោះ ដូច្នេះពួកគាត់ត្រូវដឹងខ្លះ អំពីប្រពៃណីជាតិរបស់ខ្មែរ។
លោកហ៊ីម សេរីបញ្ជាក់ថា៖”ការរៀបចំពិធីមានគោលបំណង៣ គឺទី១ ចង់ឱ្យបុគ្គលិកទាំងអស់ជួបជុំគ្នា ក្នុងកម្មវិធីពិសេសធំៗ បុណ្យជាតិខ្មែរយើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ទី២ជាធម្មតាបុណ្យអុំទូកគឺជាបុណ្យជាតិនៅទីនេះ ចង់ឱ្យជនជាតិបរ ទេស បានស្គាល់បុណ្យអុំទូក ក៏ដូចជាការរម្លឹកកុំឱ្យកូនខ្មែរភ្លេចប្រវត្តិដ៏ល្អ វប្បធម៌ដ៏ល្អនៃបុណ្យមួយនេះ ទី៣ យើងចង់ពង្រីកការផ្សាយនូវវប្បធម៌ខ្មែរ ដែលមានព្រះរាជពិធីបុណ្យនេះ តាំងពីបុរាណពីដូនតាមកឱ្យជាតិសាសន៍ដទៃបានដឹង”។
កម្មវិធី Team Building បានរៀបចំឱ្យមានការលេងល្បែងសាមគ្គី ដែលនេះគឺជាវិធីសាស្រ្តមួយធ្វើឱ្យបុគ្គលិកចេះជួយគ្នា និងសហ ការជាក្រុមការងារផ្ទាល់ ព្រមទាំងមានចែកបណ្ណសរសើរដល់បុគ្គលិកឆ្មើម១៣នាក់ និងការដឹងគុណដល់បុគ្គលិក ដែលបានធ្វើការអស់រយៈពេល៥កន្លងទៅ។
លោក ហ៊ីម សេរីបញ្ជាក់ថា៖”នេះគឺជាលើកទី១ ដែលTNAOT APP បានរៀបចំពិធីអបអរបុណ្យអុំទូក ហើយគោលដៅរបស់ក្រុមហ៊ុន គឺចង់ឱ្យមានកម្មវិធីនេះជារៀងរាល់ឆ្នាំ ក្នុងបុណ្យជាតិសំខាន់ៗ របស់ប្រទេសកម្ពុជា”។
ជារួម ការរៀបចំបង្កើតបរិយាកាសរីករាយ ឬពិធីជប់លៀង សម្រាប់បុគ្គលិក គឺជាការលើកចិត្តបុគ្គលិកដោយផ្តល់ជារង្វាន់ បណ្ណសរ សើរ និងការលេងល្បែងកម្សាន្តរួមគ្នា ដើម្បីចង់ឱ្យបុគ្គលិកនៅធ្វើការជាមួយនឹងក្រុមហ៊ុន ដោយគ្មានបំណងចាកចេញទៅណា។
ដើម្បីទទួលបានភាពទាក់ទាញ និងការចាប់អារម្មណ៍ពីថ្នាក់ដឹកនាំថាជាបុគ្គលិកគំរូឆ្នើម បុគ្គលទាំងអស់គួរចេះស្រឡាញ់ការងារខ្លួនឯង ក្រុមខ្លួនឯង ក្រុមហ៊ុនខ្លួនឯង នោះប្រយោជន៍និងបានមកដល់ខ្លួនឯងដែរ ពិសេសត្រូវព្យាយាមធ្វើការងារឱ្យអស់ពីចិត្ត និងស្មោះស្មគ្រ័ចំពោះក្រុមហ៊ុន ដូច្នេះក្រុមហ៊ុននឹងមានការដឹងគុណ និងលើកទឹកចិត្តដល់អ្នកដែលបានខំប្រឹងប្រែង៕ ដោយ៖ ឃួន លក្ខិណា
មតិល្បី
សរសេរមតិ