ព្រះមហាក្សត្រ ថ្វាយព្រះភ្លើងបូជាព្រះសព សម្ដេចក្រុមព្រះ នៅព្រឹកថ្ងៃនេះ
ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវបានរៀបចំពិធីថ្វាយព្រះភ្លើងរួចហើយ នៅថ្ងៃពុធ ទី៨ ខែធ្នូ ឆ្នាំ២០២១នេះ នៅព្រះមេរុ មុខវត្តបុទុមវត្តី រាជធានីភ្នំពេញ។
ពីធីថ្វាយព្រះភ្លើងត្រូវបានរៀបចំធ្វើឡើងដោយអង្គព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងប្រោសព្រះរាជទានព្រះភ្លើង ក្នុងការបូជាព្រះសព។
ជុំវិញព្រឹត្តិការណ៍នេះ កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចយក៨ ខែធ្នូ ឆ្នាំ២០២១នេះ គឺជាថ្ងៃកាន់ព្រះមរណទុក្ខនៅទូទាំងប្រទេស ដើម្បីជាការថ្វាយនូវព្រះកិត្តិយសថ្វាយព្រះអង្គ ចំពោះស្នាព្រះហស្ថផ្សេងដែលព្រះអង្គ បានសាងចំពោះជាតិមាតុភូមិ។

រាជរដ្ឋាភិបាលក៏បានបញ្ជាក់ដែរថា ពិធីកាន់ព្រះមរណទុក្ខនេះ ត្រូវកំណត់ឱ្យបង្ហូតទង់ជាតិត្រឹមកណ្តាលដង នៅតាមស្ថាប័នរដ្ឋ និងឯកជន ហាមឃាត់ស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយដទៃចាក់កម្មវិធីកម្សាន្តសប្បាយ។ ក្នុងក្លឹបកម្សាន្ត រង្គសាល ខារ៉ាអូខេ ក៏ត្រូវផ្អាកសកម្មភាពផងដែរ។
កាលពីថ្ងៃម្សិលមិញនេះ សាលារាជធានីក៏បានចេញសេចក្តីជូនដំណឹងមួយផងដែរ ដោយបញ្ជាក់ពីការបញ្ចៀសការកកស្ទះចរាចរណ៍ ចាប់ពីមុខព្រះដំណាក់ តាមរុក្ខវិថីសម្តេចប៉ាន (ផ្លូវលេខ២១៤) ឆ្ពោះទៅមហាវិថីព្រះនរោត្តម (ផ្លូវលេខ៤១) បន្តទៅវិមានឯករាជ្យ មហាវិថីព្រះសីហនុ នាគបាញ់ទឹក មហាវិថីសម្តេចសុធារស ចាប់ពីម៉ោង៥ ព្រឹក ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ពិធីដង្ហែព្រះសពត្រូវបានបញ្ចប់កម្មវិធី។
គួររម្លឹកថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលព្រះទិវង្គតនៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩៖៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣៖៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ៕ ដោយ៖ ឃួន លក្ខិណា


មតិល្បី
សរសេរមតិ