ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ អុិនសួរេន ឧបត្ថម្ភសម្ភារៈកីឡាដល់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ
កាលពីថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្ដូន ឡាយហ្វ៍ អុិនសួរេន ម.ក ដែលដឹកនាំដោយប្រធានក្រុមប្រឹក្សាភិបាល លោក YEH, WEI-KUO និងក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បាននាំយកនូវសម្ភារៈកីឡាផ្ដល់ជូនក្រុមកីឡានៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ។
សម្ភារៈកីឡាដែលបានផ្ដល់ជូនមានដូចជា សម្លៀកបំពាក់គណៈកម្មការ១០ឈុត អាវកាក់២០សម្រាប់ ស្រ្ពាយបាញ់សាច់ដុំ៥ដប ឡេលាបបំបាត់ឈឺសាច់ដុំ៨ដប ស្គត់បិតសាច់ដុំ៨ដុំ ស្គត់សម្រាប់រុំកជើង១០ដុំ បាល់ទាត់៥គ្រាប់ និងបាល់ទះ៥គ្រាប់ ដល់ក្រុមកីឡាករ កីឡាការនី ប្រមាណជា២៤នាក់ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្ដិការណ៍កីឡាជាតិលើកទី៣ ដែលរៀបចំដោយក្រសួងអប់រំយុវជន និងកីឡា នៅពេលខាងមុខ។ នៅក្នុងកម្មវិធីនេះ លោកប្រធានក្រុមប្រឹក្សាភិបាល បានសម្ដែងនូវភាពរីករាយ និងប្ដេជ្ញាជួយតាមតម្រូវការរបស់សាកលវិទ្យាល័យ ជាពិសេសគឺផ្ដល់ឱកាសការងារដល់សិស្សនិស្សិតឱ្យចូលបម្រើការងារក្នុងក្រុមហ៊ុន និងក្រុមហ៊ុនមេ (Titan Stone Group) តាមជំនាញ និងសមត្ថភាពរបស់ខ្លួន។ បន្ថែមពីលើនេះផងដែរ ឯកឧត្ដម អគ្គនាយក ក៏បានលើកទឹកចិត្ដដល់ក្រុមកីឡាករ កីឡាការនី ឱ្យខិតខំហ្វឹកហាត់ដើម្បីទទួលបានជ័យជំនះ បើទោះបីជាមិនបានលេខ១ ក៏អាចទទួលបានចំណាត់ថ្នាក់ល្អដែរ។ ម្យ៉ាងវិញទៀត ការលេងកីឡានាំមកនូវមិត្ដភាព សុខភាព និងសាមគ្គីភាព បានយ៉ាងប្រសើរ។
ជាកិច្ចឆ្លើយតប លោក ពិន តារា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្ដម អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា ដែលតែងតែជួយខ្នះខ្នែងជ្រោមជ្រែងកន្លងមក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្ដូន ឡាយហ្វ៍ អុិនសួរេន ដែលបានធ្វើការឧត្ថម្ភសម្ភារៈកីឡាដល់ក្រុមកីឡាដែលកំពុងតែបង្កើតថ្មី និងកំពុងតែមានភាពខ្វះខាតច្រើន។ ជាចុងបញ្ចប់ លោកសាកលវិទ្យាធិការរង បានជូនពរដល់ ឯកឧត្ដម អគ្គនាយក និងលោកប្រធានក្រុមប្រឹក្សាភិបាល ឱ្យជួបប្រទះនូវពុទ្ធពរទាំងឡាយ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្ដូន ឡាយហ្វ៍ អុិនសួរេន ម.ក ជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន ទីតាន ស្តូន គ្រុប (Titan Stone Group) ដែលមានគម្រោងវិនិយោគអចលនទ្រព្យបញ្ចប់ជាស្ថាពរធំៗចំនួនពីរគឺ ក្រុមហ៊ុន Picasso City Garden (ខុនដូស្នាក់នៅ) និងក្រុមហ៊ុន KY iCenter (ខុនដូ និងអគារពាណិជ្ជកម្ម) ដែលបានចាក់គ្រឹះយ៉ាងរឹងមាំនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៥។
មតិល្បី
សរសេរមតិ