អតីតប្រធានាធិបតី Medvedev៖ រុស្ស៊ីនឹងបន្តយុទ្ធនាការវាយលុករបស់ខ្លួននៅអ៊ុយក្រែនរហូតដល់គោលដៅរបស់ខ្លួនបានសម្រេច
សម្ព័ន្ធមិត្តកំពូលរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយនៅថ្ងៃសុក្រ ទី២៦ ខែសីហាម្សិលមិញនេះថា ទីក្រុងមូស្គូនឹងមិនបញ្ឈប់យុទ្ធនាការយោធារបស់ខ្លួននៅប្រទេសអ៊ុយក្រែននោះឡើយ បើទោះបីជាទីក្រុង Kyiv បានបដិសេធជាផ្លូវការនូវសេចក្តីប្រាថ្នារបស់ខ្លួនក្នុងការចូលរួមជាមួយអង្គការណាតូក៏ដោយ។
អតីតប្រធានាធិបតី Dmitry Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី ក៏បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍បារាំងថា រុស្ស៊ីបានត្រៀមខ្លួនដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ក្រោមលក្ខខណ្ឌមួយចំនួន។ គួរបញ្ជាក់ថា មុនការលុកលុយកាលពីខែកុម្ភៈកន្លងមក ទីក្រុងមូស្គូ បានបញ្ជាក់យ៉ាងច្បាស់ថា សមាជិកភាពអ៊ុយក្រែនដែលចូលជាសមាជិកណាតូមិនអាចទទួលយកបានឡើយ។


លោក Medvedev បាននិយាយថា ប្រទេសរុស្ស៊ីនឹងបន្តយុទ្ធនាការនេះរហូតដល់គោលដៅរបស់ខ្លួនត្រូវបានសម្រេច។ លោក Putin និយាយថា គាត់ចង់បំផ្លាញអ៊ុយក្រែន។ ក្នុងពេលនោះ ទីក្រុង Kyiv និងលោកខាងលិច ក៏បានតបតសម្តីវិញថា នេះជាលេសគ្មានមូលដ្ឋានសម្រាប់សង្គ្រាមដណ្តើមយកអ៊ុយក្រែន។


រុស្ស៊ី និងអ៊ុយក្រែន បានបើកកិច្ចចរចាជាច្រើនជុំ បន្ទាប់ពីការលុកលុយបានចាប់ផ្តើម ប៉ុន្តែកិច្ចចរចាមិនមានការរីកចម្រើនទេ ហើយមានលទ្ធភាពតិចតួចសម្រាប់ការចាប់ផ្តើមឡើងវិញ។ លោក Medvedev បាននិយាយថា "ការពិភាក្សានឹងអាស្រ័យលើរបៀបដែលអាចកើតឡើង បើអ៊ុយក្រែនយល់ព្រម” ហើយយើងបានត្រៀមខ្លួនជាស្រេចមុនពេលជួបលោក Zelenskiy៕

ប្រភព៖ CNA
សម្រួលអត្ថបទ៖ ឡុង រតនា

មតិល្បី
សរសេរមតិ