មកដឹងទាំងអស់គ្នា! ៣៨ ប្រភេទកីឡា និង ៦០៨ វិញ្ញាសា ត្រូវបានសម្រេចជាផ្លូវការសម្រាប់ស៊ីហ្គេមនៅកម្ពុជា ឆ្នាំ២០២៣
ភ្នំពេញ៖ កីឡាចំនួន ៣៧ប្រភេទ និងកីឡាសម្ដែង (Demonstration Sport) ១ប្រភេទ ត្រូវបានសម្រេចជាផ្លូវការ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ដែលទទួលរៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

បញ្ជាក់បន្ថែមលើការសម្រេចសម្រាប់ប្រភេទកីឡា វិញ្ញាសាដែលដាក់ឲ្យប្រកួតក៏ត្រូវបានសម្រេចជាផ្លូវការផងដែរ ពោលគឺនឹងមាន ៦០៨វិញ្ញាសា។ ចំនួននេះនាំឲ្យបំបែកកំណត់ត្រាព្រឹត្តិការណ៍ដែលមានវិញ្ញាសាប្រកួតច្រើនជាងគេបំផុត នៅស៊ីហ្គេម ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៥៦។ វិញ្ញាសាប្រកួតច្រើនជាងគេគឺនៅស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ ក្នុងប្រទេសហ្វីលីពីន ដែលមាន ៥៣០ វិញ្ញាសា។

កីឡាហែលទឹកជើងទា ដែលដើមឡើយនៅក្នុងចំណោមប្រភេទកីឡាដោយឡែក ត្រូវបានរួមបញ្ចូលមកនៅក្នុងកីឡាក្នុងទឹករួមគ្នា ខណៈ ប្រដាល់គុនខ្មែរ ដែលនៅប្រភេទកីឡាដោយឡែក ក៏ត្រូវបានដាក់បញ្ចូលរួមគ្នាទៅក្នុងប្រភេទកីឡាយុទ្ធគុនចម្រុះផងដែរ។

ក្នុងនោះឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានមានប្រសាសន៍ថា ៖«យើងបានឯកភាពគ្នាជាមួយប្រទេសសមាជិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមរបស់យើង ចំនួន ៣៨ប្រភេទកីឡា ក្នុងវិញ្ញាសា ៦០៨វិញ្ញាសា គឺយើងបានដាក់ចេញជាផ្លូវការ។ សម្តេចពិជ័យសេនា ឯកឧត្តមបណ្ឌិត ក៏បានចុះហត្ថលេខាកំណត់ទៅលើប្រភេទកីឡា និងវិញ្ញាសាអស់ហើយ ហើយការកំណត់នេះក៏បានការឯកភាពទាំងស្រុងពីសមាជិកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ផងដែរ»។

ប្រភេទកីឡាដាក់ឲ្យប្រកួតជាផ្លូវការរួមមាន៖
១. អត្តពលកម្ម (Track&Field និង ម៉ារ៉ាតុង)
២. កីឡាលើទឹក (ហែលទឹក, លោតទឹក, បាល់ទឹក និងហែលទឹកជើងទា)
៣. វាយសី
៤. បាល់បោះ (៥×៥ និង ៣×៣)
៥. ប៊ីយ៉ា ស្នូកឃ័រ
៦. ប្រដាល់សកល
៧. កាយវប្បកម្ម
៨. អុក (អុកចត្រង្គ និងអុកចិន)
៩. ទោចក្រយាន (កង់គួក និងកង់ភ្នំ)
១០. គ្រីឃីត (T20/Sixes និង T50/T20)
១១. កីឡារាំ
១២. កីឡាអេឡិចត្រូនិក
១៣. គុនដាវ
១៤. Floorball
១៥. បាល់ទាត់ (បុរស-នារី)
១៦. វាយកូនហ្គោល
១៧. កាយសម្ព័ន្ធ (Aerobic និង Artistic)
១៨. ហុកគី (រួមបញ្ចូលក្នុងសាល និងក្រៅសាល)
១៩. ម៉ូតូទឹក
២០. យូដូ
២១. ការ៉ាតេ
២២. យុទ្ធគុនចម្រុះ (គុនល្បុក្កតោ, Arnis គុនដំបងរបស់ហ្វីលីពីន, ជឺជីតស៊ូ, ឃីកបុកសីង, វ៉ូវីណាម, គុនខ្មែរ)
២៣. កីឡាឧបសគ្គ
២៤. បញ្ចសីលា
២៥. ប៉េតង់
២៦. ទូកក្ដោង
២៧. សីដក់
២៨. សូហ្វតេន្នីស
២៩. វាយកូនឃ្លីលើតុ
៣០. តេក្វាន់ដូ WT
៣១. វាយកូនបាល់
៣២. ប្រណាំងទូកប្រពៃណី
៣៣. ទ្រីយ៉ាត្លុង (រួមទាំង អាគ័រត្លុង និងឌូអាត្លុង)
៣៤. បាល់ទះ (ក្នុងសាល និងលើឆ្នេរខ្សាច់)
៣៥. លើកទម្ងន់
៣៦. ចំបាប់
៣៧. វ៉ូស៊ូ
ដោយឡែក កីឡាទី៣៨ ជាកីឡាសម្ដែង (Demonstration Sport) ដែលមានជាលើកដំបូងនោះគឺកីឡា Teqball ជាកីឡាបាល់មួយដែលត្រូវបានលេងនៅលើតុកោង ដោយរួមបញ្ចូលគ្នានូវរបៀបលេងកីឡាបាល់ទាត់ និងវាយកូនឃ្លីលើតុ៕

ប្រភព៖ CAMSOC
សម្រួលអត្ថបទ៖ ឡុង រតនា
មតិល្បី
សរសេរមតិ