ធ្វើសកម្មភាពឆក់បានតែ ២ម៉ោង ជនសង្ស័យចំនួន ២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនបានភ្លាមៗតែម្តង
ដោយទទួលបានបទបញ្ជាដោយផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាឃាត់ខ្លួនបានជាបន្ទាប់ពីធ្វើសកម្មភាពបានត្រឹមតែ ២ម៉ោង កម្លាំងក៏ឃាត់ខ្លួនបានភ្លាមៗ។ 


កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៧:១០ នាទី មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) ពីស្ត្រីម្នាក់កំពុងជិះម៉ូតូតាមដងផ្លូវ នៅចំណុចស្ពានអាកាសចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ សម្ភារៈបាត់បង់មាន ខ្សែដៃមាសចំនួន ០១ខ្សែ ជញ្ជៀនមាស ០១វង្ស ក្រវិលផ្លាកទីនចំនួន ១គូរ និងប្រាក់រៀលចំនួន ៦០ម៉ឺនរៀល ជនសង្ស័យមានគ្នាប្រហែល ១២ នាក់ ជិះម៉ូតូចំនួន ០៦ គ្រឿង ក្នុងនោះមានម៉ូតូម៉ាក SUZUKI NEX ចំនួន ០៣ គ្រឿង ម៉ូតូម៉ាកសង់សេ១២៥ ចំនួន ០២ គ្រឿង និងម៉ូតូម៉ាក Scoopy I ចំនួន ០១ គ្រឿង ដោយម៉ូតូម៉ាក SUZUKI NEX មិនចាំស្លាកលេខ និងមិនស្គាល់ឆ្នាំផលិត ជិះម្នាក់ឯងជាអ្នកឆក់កាបូបស្ពាយនោះពីជនរងគ្រោះ ។


ក្រោយកើតហេតុក៍មានប្រជាជនធ្វើដំណើរតាមដងផ្លូវ ថតបានស្លាកលេខម៉ូតូម៉ាក សង់សេ ១២៥ ចំនួន ០២ គ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 1JT-8029 និង ភ្នំពេញ 1II-4208 រួចបានរាយការណ៍មកសមត្ថកិច្ច នៅម៉ោងប្រហែល ០៩:១០នាទីព្រឹក (ក្រោយកើតហេតុរយៈពេលប្រហែល ០២ ម៉ោង) ក្រុមការងាររបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដែលទទួលបទបញ្ជាពីថ្នាក់លើឱ្យស្រាវជ្រាវ និងល្បាត ក៍ប្រទះឃើញម៉ូតូដែលមានភិនភាគខាងលើក៍ដេញ ឃាត់ខ្លួនបានចំនួន ០២នាក់ ក្រោយសាកសួរ ជនសង្ស័យទាំង ០២នាក់នោះបានសារភាពថាពួកគេ និងបក្ខពួកប្រហែល១០នាក់ទៀតពិតជាបានធ្វើសកម្មភាព ឆក់កាបូបពីស្ត្រីម្នាក់នោះមែន រួចយកគ្រឿងអលង្ការទាំងនោះទៅលក់នៅផ្សារពោចិនតុង បានប្រាក់ចំនួន ១៣០០ដុល្លារ ចែកគ្នាបានម្នាក់ចំនួន ១០០ ដុល្លារ បច្ចុប្បន្នការិយាល័យកំពុងបន្តស្វែងរកបក្ខពួកបន្ថែមទៀត និងបន្តនីតិវិធីដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ៕


ប្រភព៖ ស្នងការនគរបាលរាជធានីភ្នំពេញ
សម្រួលអត្ថបទ៖ ឡុង រតនា

មតិល្បី
សរសេរមតិ