គួរយល់ដឹងពីអត្ថប្រយោជន៍នៃរុក្ខជាតិស្លឹកខ្ទឹម
ស្លឹកខ្ទឹម គឺជាប្រភេទជីមួយបែប ឬអាចចាត់ទុកថា ជារុក្ខជាតិម្យ៉ាងដែលត្រូវបានគេយកទៅធ្វើជាគ្រឿងផ្សំ សម្រាប់ចម្អិនជាអាហារ ព្រមទាំងច្នៃធ្វើជាឱសថសម្រាប់ព្យាបាលជំងឺផងដែរ។
ក្រៅពីអាចប្រើជាគ្រឿងផ្សំក្នុងអាហារ ដើម្បីឱ្យមានក្លិនឈ្ងុយ និងបង្កើនសម្រស់អាហារប៉ុណ្ណោះទេ ប៉ុន្តែស្លឹកខ្ទឹម១00ក្រាម បានផ្តល់ថាមពល៣២កាល់ឡូរី ប្រូតេអ៊ីន កាបូអ៊ីដ្រាត ជាតិសរសៃ សូដ្យូម ប៉ូតាស្យូម និងសារធាតុសំខាន់ៗជាច្រើនទៀត ដែលអ្នកគួរតែដឹង។
អត្ថប្រយោជន៍នៃស្លឹកខ្ទឹម
១. ផ្ទុកសារជាតិចិញ្ចឹមច្រើន
មិនត្រឹមតែផ្ទុកសារធាតុសំខាន់ៗដូចដែលបានរៀបរាប់ពីខាងលើនេះទេ ប៉ុន្តែនៅក្នុងស្លឹកខ្ទឹមក៏មានសារធាតុជាច្រើនទៀតផងដែរដូចជា៖ វីតាមីន C វីតាមីន A កាល់ស្យូម ផូស្វ័រ ជាតិដែក និងជាតិស្ករក្នុងបរិមាណខ្ពស់ទៀតផងដែរ។
២. ប្រឆាំងហានិភ័យនៃជំងឺច្រើនប្រភេទ
ដោយសារតែសារធាតុទាំងនេះហើយ ទើបធ្វើឱ្យស្លឹកខ្ទឹមក្លាយទៅឱសថមួយយ៉ាងពូកែសក្តិសិទ្ធ នៅក្នុងការព្យាបាលជម្ងឺដូចជា៖ មហារីក ផ្តាសាយ ការរលាក ប្រឆាំង អុកស៊ីតកម្ម បង្កើនប្រព័ន្ធការពារជាស្រេច ដល់រាងកាយដើម្បីស៊ាំនឹងជម្ងឺផ្សេងៗ បានល្អប្រសើរជាងមុន។
៣. បន្ថយកូឡេស្តេរ៉ូល
បើតាមការស្រាវជ្រាវរបស់អ្នកជំនាញបានបញ្ជាក់ថា អ្នកដែលទទួលទានស្លឹកខ្ទឹមជាប្រចាំ មិនត្រឹមតែជួយកាត់បន្ថយកូឡេស្តេរ៉ូប៉ុណ្ណោះទេ ប៉ុន្តែជួយកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង ការពារភាពស្លេកស្លាំង ក្រោមភ្នែក និងស្បែក និងគ្រប់គ្រងសម្ពាធឈាមនៅក្នុងខ្លួនឱ្យមានសភាពល្អជានិច្ចដែរ។
៤. ជួយការពារពីកោសិកាមហារីក
ប្រសិទ្ធភាពនៃការប្រើប្រាស់ស្លឹកខ្ទឹមត្រូវបានគេរកឃើញនូវការជួយការពារនូវកោសិកាម្យ៉ាង ដែលអាចទប់ស្កាត់មិនឱ្យកើតមានជំងឺមហារីក។ ជារួមមិនត្រឹមតែជួយការពារនូវកោសិកាជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានប្រសិទ្ធភាពខ្ពស់ដែរ នៅក្នុងការជួយកាត់បន្ថយការរលាក និងប្រឆាំងបាតេរីជាដើម៕
មតិល្បី
សរសេរមតិ