ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ
កោះធំ៖ ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល មានប្រវែងស្ពានសរុប៤១៥ម៉ែត្រ និងទទឹងស្ពាន ១៣,៥ម៉ែត្រ ដោយខាងលិចស្ពានជាប់ផ្លូវជាតិលេខ២១ ភូមិព្រែកធន់ ឃុំព្រែកថ្មី និងខាងកើតស្ពាន ផ្លូវលេខ១១០ ភូមិព្រែកថ្មី សង្កាត់ជ្រោយតាកែវ។
ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំនេះ បានបើកការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ ២០១៤ និងបានបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០១៦ ដោយប្រើរយៈពេលសាងសង់ ៣៦ខែ ជាប្រភេទស្ពានបេតុងសរសៃដែក។
ស្ពាននេះ បានចំណាយថវិកាប្រមាណជា ២២,១៩ លានដុល្លារអាមេរិក សាងសង់ឡើងដោយក្រុមហ៊ុនសាងសង់ស្ពាន និងថ្នល់ចិន។ ស្ពាននេះ ជាស្ពានទី៧ ហើយ ដែលចិនបានជួយកម្ពុជា ហើយវាជាស្ពានល្អសម្រាប់ការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋទាំងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល។
សមិទ្ធិផលស្ពាននេះ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ រួមទាំងយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ សម្រាប់តភ្ជាប់ទំនាក់ទំនង និងសម្រួល ការធ្វើដំណើររបស់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និង ត្រើយខាងលិចទន្លេបាសាក់ឱ្យបានងាយស្រួល និងឆាប់រហ័ស៕
មតិល្បី
សរសេរមតិ