ប្រវត្តិសង្ខេបរបស់ ឯកឧត្ដម សុខ ចិន្ដាសោភា
ប្រវត្តិរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខ ចិន្ដាសោភា មុននឹងទទួលភារកិច្ចជា រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលជាមន្រ្ដីជាន់ខ្ពន់ នៃការទូតនីតិកាលទី៧ នៃរដ្ឋសភា របស់ប្រទេសកម្ពុជា។
ឯកឧត្ដម សុខ ចិន្ដាសោភា កើតថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៥៦ នៅរាជធានីភ្នំពេញ ឯកឧត្តម បានបញ្ចប់ការសិក្សាជំនាញ វិទ្យាសាស្រ្ដសេដ្ឋកិច្ច ពីប្រទេសបារាំង ហើយក៏មានបទពិសោធន៍ធ្វើការជាមួយក្រុមហ៊ុនឯកជននៅទីនោះផងដែរ។
បន្ទាប់ពីការបោះឆ្នោតជាសកលលើកដំបូងនៅកម្ពុជា នាឆ្នាំ១៩៩៣ ឯកឧត្តម ត្រូវបានទទួលការតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ នៃរាជរដ្ឋាភិបាលចម្រុះកម្ពុជា ដែលជានីតិកាលទី១ នៃរដ្ឋសភា។
៤ឆ្នាំក្រោយមក ក្នុងឆ្នាំ១៩៩៧ ដែលជាវេលាមួយឈានចូលដល់នីតិកាលទី២ នៃរដ្ឋសភា ឯកឧត្តម ក៏បានទទួលតំណែងជា អគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDC ។ លុះដល់នីតិកាលទី៤ ឆ្នាំ២០០៨ ឯកឧត្តម ត្រូវបានតែងតាំងឱ្យកាន់មុខតំណែងជា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្រ្ដី និងបន្តកាន់ជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រហូតដល់នីតិកាលទី៧ នេះ ទើបឯកឧត្តម ត្រូវបានជ្រើសរើសឱ្យកាន់តំណែងជា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសកម្ពុជា បន្ទាប់ពីឯកឧត្តម ប្រាក់ សុខុន ។
រយៈពេលជាង ២៥ឆ្នាំ នៃការកាន់តួនាទីជា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម សុខ ចិន្តាសោភា តែងតែអមដំណើរសម្ដេចតេជោ ហ៊ុន សែន ទៅក្រៅប្រទេស ទាំងដំណើរទស្សនកិច្ចការងារ ទស្សនកិច្ចផ្លូវការ និងការទៅចូលរួមកិច្ចប្រជុំអន្តរជាតិនានានៅតាមបណ្ដាប្រទេសលើពិភពលោក។
បច្ចុប្បន្ន ឯកឧត្តម ទទួលបន្ទុកជួយជ្រោមជ្រែង សម្ដេចមហាធិបតី លើវិស័យ ការបរទេស សហប្រតិបត្តិការអន្ដរជាតិ ផ្ដល់យោបល់អំពីក្របខណ្ឌ គោលនយោបាយក្រៅប្រទេស ការសម្របសម្រួល ការបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបេសកកម្ម រក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ និងទទួលសិទ្ធិពីសម្ដេចមហាធិបតី ក្នុងការពិនិត្យ និងសម្រេចលើសំណើរសុំកូន និងការសុំលាសញ្ជាតិ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលសម្ដេចប្រគល់ជូន៕
សម្រួលដោយ៖ រិទ្ធី សុវណ្ណារ័ត្ន
មតិល្បី
សរសេរមតិ