ជីវប្រវត្តិសង្ខេបរបស់លោកជំទាវ ចម និម្មល
លោកជំទាវចម និម្មល ទទួលបានការតែងតាំងជារដ្ឋមន្ត្រីក្រសូងពាណិជ្ជកម្ម និងជាស្ត្រីវ័យក្មេងដំបូងគេនៅកម្ពុជា កើតនៅក្នុងថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៨០ ដែលត្រូវបានគេស្គាល់ថាជាកូនស្រីបង្កើតរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកជំទាវឧកញ៉ា ទេព បុប្ជាប្រសិទ្ធ។

លោកជំទាវ ចម និម្មល មានបងប្អូនបង្កើតចំនួន ៣នាក់គឺឯកឧត្តម ចម បូរិទ្ធ កើតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៦ ត្រូវបានព្រះមហាក្សត្រតែងតាំងជាអនុរដ្ឋលេខាធិកាក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ នៅឆ្នាំ២០១៨ និងលោកស្រី ចម ក្រស្នា កើតនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ១៩៨៥ អគ្គនាយិកានៃក្រុមហ៊ុន សោម៉ា ត្រេឌីង ខូអិធីឌី ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធនៃក្រុមហ៊ុន សោម៉ាគ្រុប និងមានបងប្អូនចិញ្ចឹមម្នាក់គឺលោកស្រីចម សុធារ៉ា។



មុនពេលដែលត្រូវបានរាជរដ្ឋាភិបាលប្រកាសតែងតាំងតំណែងជារដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្ម ក្នុងនិតិកាលទី៧ ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនេះ លោកជំទាវ ចម និម្មល ជារដ្ឋលេខាធិកានៃក្រសួងពាណិជ្ជកម្មជិត២០ឆ្នាំមកហើយជាមួយការដឹកនាំដ៏ល្អក្នុងនាមជានារីវ័យក្មេងមួយរូបក្នុងជួររាជរដ្ឋាភិបាល ព្រមទាំងទទួលបន្ទុកវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ ក្រៅពីការងារស្នូលនេះ លោកជំទាវក៏ត្រូវបានគេដឹងថាមានតួនាទីជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងចូលរួមចំណែកយ៉ាងសកម្មនូវការងារសប្បុរសធម៌ និងមនុស្សធម៌ផងដែរ។

មិនតែប៉ុណ្ណោះ លោកជំទាវ ក៏ជាបេក្ខជនពេញសិទ្ធលេខរៀងទី៥ នៃបញ្ជីបេក្ខជនតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា មណ្ឌលកំពត និងជាបេក្ខនារីបន្តវេននៃគណបក្យកាន់អំណាចមួយរូបដែលទទួលបានការបណ្តុះបណ្តាលទាំងជំនាញបច្ចេកទេស និងជាអ្នកដឹកនាំសម្រាប់ក្លាយជាអ្នកបន្តវេនរបស់គណបក្សស្របតាមការលើកឡើងរបស់អ្នកនាំពាក្យនៃគណបក្សកាន់អំណាចជាច្រើនឆ្នាំមួយនេះ។
កាលពីកុមារភាពលោកជំទាវ ចម និម្មលធ្លាប់សិក្សានៅសាលាបឋមសិក្សា ចតុមុខ មុនបន្តការសិក្សានៅបរទេស។ គួរបញ្ជាក់ដែរថាលោកជំទាវគឺជាបញ្ញវន្តខ្មែរដែលបញ្ចប់ការសិក្សាមុខជំនាញសេដ្ឋកិច្ចអន្តរជាតិ និងវិទ្យាសាស្ត្រសង្គម នៅសហរដ្ឋអាមេរិក រហូតដល់បញ្ចប់ការសិក្សាលោកជំទាវបាននិវត្តន៍ចូលមាតុប្រទេសវិញ។ ក្នុងឆ្នាំ២០០២ លោកជំទាវបានរៀបអាពាហ៍ពិពាហ៍ជាមួយឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករងនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយកនៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងការពារជាតិ ដែលត្រូវបានគេស្គាល់ថាជាកូនប្រុសរបស់ឯកឧត្តមនាយឧត្តមសេនីយ នាង ផាត រដ្ឋលេខាធិកាប្រចាំការនៃក្រសួងការពារជាតិ។ លោកជំទាវ និងស្វាមី ទទួលបានចំណងដៃអាពាហ៍ពិពាហ៍កូនស្រីចំនួន៣នាក់ផងដែរ៕
សម្រួលអត្ថបទដោយ៖ Puthseyha

មតិល្បី
សរសេរមតិ