ប្រវត្តិនៃជំនឿបោះបាយបិណ្ឌ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
ពិធីបុណ្យភ្ជុំបិណ្ឌ បានចូលមកដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងគ្រប់រូប បាននាំគ្នារៀបចំបាយសម្លរ បង្អែម យកទៅវត្តប្រគេនដល់ព្រះសង្ឃ ដើម្បីបានដល់ញាតិការទាំងប្រាំពីរសន្ដានដែលបានចែកឋានទៅ។
ចំពោះនាពេលទៀបភ្លឺវិញបងប្អូនខ្មែរយើងតែងតែយកបាយដំណើបដែលដាំឆ្អិនរួច មកពួតជាដុំមូលៗ លាយចេក សណ្ដែក ល្ង និងដូងជាដើម ដែលគេឲ្យឈ្មោះថា បាយបិណ្ឌ យកទៅវត្តអារាមនាវេលាម៉ោង ៤ ទៀបភ្លឺ ដើម្បីបោះបាយបិណ្ឌបញ្ជូនឧទិសកុសលទៅដល់ញាតិសន្ដានដែលបានចែកឋានទៅបរលោក មិនដឹងថាកើតជាអ្វី ដូច្នេះការបោះបាយបិណ្ឌនេះ គឺជាជំនឿមួយដែលប្រជាជនខ្មែរនិយមធ្វើជារៀងរាល់ឆ្នាំ មិនត្រឹមតែជាជំនឿដែលបានចាក់ឫសយ៉ាងជ្រៅ ទៅក្នុងផ្នត់គំនិតសង្គមខ្មែរប៉ុណ្ណោះទេ តែពិធីនេះ បានក្លាយទៅជាប្រពៃណី និងជាទម្លាប់របស់ដូនតាខ្មែរមកជាច្រើនជំនាន់។
របៀបនៃការបោះបាយបិណ្ឌ គឺយើងធ្វើការសូត្រធម៌ បួងសួងឧទ្ទិសទៅដល់សាច់ញាត្តិដែលស្លាប់ និងបោះបាយបិណ្ឌនៅជុំវិញព្រះវិហារ ដោយគេជឿថា វិញ្ញាណទាំងឡាយណាដែលគ្មានសាច់ញត្តិ ត្រូវបានគេដោះលែងពីឋាននរកឲ្យមកកាន់វត្តអារាម ដើម្បីមកទទួលយកអាហារពីសាច់ញាតិរបស់ពួកគេនៅពេលទៀបភ្លឺ ហើយវិញ្ញាណទាំងនោះនឹងត្រូវត្រឡប់ទៅឋាននរកវិញ នៅមុនពេលព្រះអាទិត្យរះ។
ពពួកប្រេតនឹងទៅគ្រប់ ៧ វត្ត ដើម្បីរកមើលសាច់ញាតិពួកគេ ប្រសិនបើវិញ្ញាណទាំងនោះ មិនឃើញកូនចៅខ្លួនមកវត្តទេ ពួកគេនឹងដាក់បណ្ដាសាតាមអារម្មណ៍ដែលខឹងឆេះឈួល ឬយំសោកបោកខ្លួនក្បែរព្រះវិហារ។ នេះហើយជាមូលហេតុដែលសាច់ញាតិ គួរតែយកចង្ហាន់ទៅវត្តឬត្រូវទៅបោះបាយបិណ្ឌ បើទោះបីជាច្រើនឫក៏តិចក៏ដោយ ក្នុងអំឡុងពេលដាក់បិណ្ឌឬ ភ្ជុំបិណ្ឌនេះ៕
សម្រួលដោយ៖ Sun Darasy
មតិល្បី
សរសេរមតិ