សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងដំណែងឯកឧត្តម ឆាយ សុផល
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ដំឡើង និងតែងតាំងមុខដំណែងឯកឧត្តម ឆាយ សុផល ពីអនុរដ្ឋលេខាធិការ មកជារដ្ឋលេខាធិការនៃក្រសួងព័ត៌មាន។
គួរបញ្ជាក់ផងដែរថា ឯកឧត្តម ឆាយ សុផល បានធ្វើការឲ្យទីភ្នាក់ងារសារព័ត៌មាន Reuters របស់ប្រទេសអង់គ្លេសក្នុងរយៈពេលជិត ១០ឆ្នាំ ជាជំនួយការផ្នែកទូរទស្សន៍ AP របស់អាម៉េរិកជាអ្នកឆ្លើយឆ្លងព័ត៌មានឲ្យវិទ្យុឥណ្ឌូនេស៊ីជាភាសាអង់គ្លេស ជាអ្នកនិពន្ធនាយកកាសែត Cambodia News ជាភាសាខ្មែរនិងអង់គ្លេស ជាមន្រ្តីសម្របសម្រួលការងារទំនាក់ទំនង ជាអ្នកនាំពាក្យឲ្យអង្គការមិនមែនរដ្ឋាភិបាល ជាអ្នកពិគ្រោះយោបល់ការងារទំនាក់ទំនងនៃគម្រោងតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននៃអង្គការ UNESCO និងជានាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា។ ហើយបច្ចុប្បន្ន ឯកឧត្តម ឆាយ សុផល ជារដ្ឋលេខាធិការនៃក្រសួងព័ត៌មាន និងជាសាស្រ្តាចារ្យព័ត៌មាន និងការងារទំនាក់ទំនង។
ឯកឧត្តម ឆាយ សុផល ក៏ជាអ្នកសរសេរសៀវភៅដែលពាក់ពន្ធ័នឹងនយោបាយរបស់សម្តេច ហ៊ុន សែន ផងដែរ។ ក្រៅពីនោះឯកឧត្តម ឆាយ សុផល បានជួយកែសម្រួលសៀវភៅ របបមច្ចុរាជ ទាំងភាសាខ្មែរ និងអង់គ្លេស សៀវភៅអតីតកាលដែលមិនអាចបំភ្លេចបាន និងជួយពិនិត្យសៀវភៅឯកសារនៃតុលាការប្រជាជនបដិវត្តន៍កម្ពុជា ជាភាសាអង់គ្លេសព្រមទាំងសៀវភៅស្រាវជ្រាវ និងឯកសារវិភាគនយោបាយជាច្រើនទៀត។
ក្នុងចំណោមស្នាដៃទាំងអស់ដែលលោកឯកឧត្តមបានចងក្រងឡើងមកគឺមានចំនួន ១៥ក្បាលហើយ ក្នុងនោះក៏មានសៀវភៅដែលមានចំណងជើងថា ហ៊ុន សែន- នយោបាយ និងអំណាចក្នុងប្រវត្តិសាស្រ្តជាង៤០ឆ្នាំ ដែលបានបោះពុម្ពឡើងចំនួន ៣លើកផងដែរ។ ហើយលោកក៏បានសរសេរអំពី កូនប្រុសច្បង នាយករដ្ឋមន្រ្តី ដំណើរឆ្ពោះទីបន្តវេន ហ៊ុន ម៉ាណែត ដែលនិយាយអំពីសម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ ព្រមទាំងមានសៀវភៅផ្សេងៗទៀតដែលលោកបានសរសេរទាក់ទិនជាមួយនឹងបុគ្គលនយោបាយក្នុងប្រទេសកម្ពុជាផងដែរ៕
មតិល្បី
សរសេរមតិ