ក្នុងរយៈពេលមួយឆ្នាំផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុមានយានយន្តធ្វើដំណើរជាង ៥លានគ្រឿង
ប្រតិបត្តិករផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បាននិយាយថា មានរថយន្តជាង ៥,១៩លានគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនក្នុងឆ្នាំដំបូងនៃប្រតិបត្តិការរបស់ខ្លួន។នេះបើតាមទិន្នន័យ ដែលត្រូវបានបញ្ចេញ ចំពេលក្រុមហ៊ុនប្រារព្ធខួបលើកទីមួយនៃប្រតិបត្តិការផ្លូវល្បឿនលឿន។
ក្រុមហ៊ុន Cambodia PPSHV Expressway Co, Ltd. បាននិយាយថា «ក្នុងរយៈពេលមួយឆ្នាំ បរិមាណចរាចរណ៍សរុបនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានលើសពី ៥,១៩លានគ្រឿង ជាមធ្យមមាន ១៣,០០០គ្រឿងក្នុងមួយថ្ងៃ និងរហូតដល់ ១៧,០០០គ្រឿងក្នុងមួយថ្ងៃក្នុងអំឡុងពេលចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា ផ្លូវល្បឿនលឿនប្រវែង ១៨៧ គីឡូម៉ែត្រ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ កាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយពេលវេលាធ្វើដំណើររវាងរាជធានីភ្នំពេញ និងទីក្រុងកំពង់ផែទឹកជ្រៅអន្តរជាតិ ខេត្តព្រះសីហនុ។
ឯកឧត្ដមបានបញ្ជាក់ថា ផ្លូវល្បឿនលឿនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ទេសចរណ៍របស់ប្រទេសកម្ពុជា។ ឯកឧត្ដមបានបន្តថា ផ្លូវល្បឿនលឿននេះជាសមិទ្ធផលដ៏សំខាន់មួយក្នុងចំណោមសមិទ្ធផលសំខាន់ៗជាច្រើននៅកម្ពុជាក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិន។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ហើយជាគម្រោងដ៏សំខាន់ វិនិយោគដោយសាជីវកម្មផ្លូវ និងស្ពានចិន (CRBC)។ ផ្លូវល្បឿនលឿននេះ ត្រូវបានសាងសង់ជា«ផ្លូវល្បឿនលឿនបៃតង» ដើម្បីលើកកម្ពស់ការរួមរស់ប្រកបដោយសុខដុមរមនារវាងមនុស្ស និងធម្មជាតិ។
ផ្លូវល្បឿនលឿនដែលបម្រើជាច្រករបៀងសេដ្ឋកិច្ចបានជំរុញកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនៅក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងបានជំរុញពាណិជ្ជកម្មនៅតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា៕
សម្រួលអត្ថបទដោយ៖ Li Xiaoling
មតិល្បី
សរសេរមតិ