មកឈ្វេងយល់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ឆ្នាំរោង ដែលនឹងខិតជិតចូលមកដល់

នៅពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំរោង កាន់តែខិតជិតចូលមកដល់ យើងកត់សម្គាល់ឃើញថា នៅតាមទីផ្សារ តូបលក់ទំនិញនានា ក៏ចាប់ផ្តើមមានការដាក់លក់សម្ភារៈត្រៀមស្វាគមន៍ចូលឆ្នាំថ្មី ប្រពៃណីចិន ខណៈប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលមានដើមកំណើត ឬជាប់សែលោហិតចិនពីដើមមកនោះ ក៏បានចាប់ផ្តើមនាំគ្នាត្រៀមលក្ខណៈរៀបចំសម្អាតផ្ទះសម្បែង និងទិញសម្ភារៈផ្សេងៗទៀតសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន។
នៅឆ្នាំ២០២៤ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំនាគ នៅក្នុងប្រទេសកម្ពុជា ក៏នឹងចាប់ផ្តើមពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ដែលឆ្នាំនាគ ត្រូវបានប្រជាជនចិន និងអ្នកជាប់សែស្រឡាយចិនយល់ថាជាឆ្នាំល្អក្នុងការចាប់ផ្តើមរកស៊ី បង្កើតគ្រួសារ ជាឆ្នាំដែលមានសក្ដានុពល ព្រោះគេជឿថាសត្វនាគជាសត្វដ៏អស្ចារ្យ មានឥទ្ធិពលដ៏មហិមា ខ្លាំងអស់សត្វទាំងពួង។ មិនតែប៉ុណ្ណោះ គេក៏ជឿថា ការយកកូនក្នុងឆ្នាំរោង ឬឆ្នាំនាគ នេះនឹងជួយលើករាសី ការរកស៊ី បង្កើនលាភ ចូលក្នុងគ្រួសារផងដែរ។ 
តាមទំនៀមទំលាប់ចិន ពិធីបុណ្យចូលឆ្នាំចិន មានអាយុកាលរាប់សតវត្សរ៍មកហើយ និងរៀបចំធ្វើឡើង ដើម្បីសម្តែងការគោរពដល់ទេវតា និងជីដូនជីតាសាច់សារលោហិត។ វាត្រូវបានប្រារព្ធឡើង នៅក្នុងបណ្តាប្រទេស និងតំបន់មួយចំនួន ដែលសម្បូរជនជាតិចិនរស់នៅ ក្នុងនោះមានដូចជា ចិនដីគោក ហុងកុង ម៉ាកាវ តៃវ៉ាន់ សិង្ហបុរី ថៃ កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន ជប៉ុន វៀតណាម ក៏ដូចជានៅ China Towns ដែលស្ថិតនៅក្នុងបណ្តាប្រទេសមួយចំនួនផ្សេងៗទៀត។ ពិធីបុណ្យនេះ ត្រូវបានគេចាត់ទុកថាជា បុណ្យឈប់សម្រាកដ៏សំខាន់មួយ សម្រាប់ជនជាតិចិន ព្រមទាំងបានជះឥទ្ធិពលមួយផ្នែក ទៅលើវប្បធម៌នៃបណ្តាប្រទេសជិតខាង។
បើក្រឡេកមកមើលពី សកម្មភាពធំៗ៣ ដែលជនជាតិចិន តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ នៅពេលមានពិធីបុណ្យចូលឆ្នាំប្រពៃណីចិន៖ ការដុតភ្លើង ដោយក្រដាសសែន មានន័យថា ភ្លើងធ្វើឲ្យសត្វឈ្មោះ «នាន» ដែលតំណាងឲ្យឧបទ្រពចង្រៃមានការភ័យខ្លាច រត់ចេញពីអ្នកភូមិ។
ការស្លៀកពាក់ពណ៌ក្រហម បង្ហោះគោមក្រហម និងប្រើប្រាស់របស់របរ ដែលពណ៌ក្រហម ដោយសារតែវាជាប្រពៃណីទាក់ទងនឹងសុភមង្គល សំណាង ទ្រព្យសម្បត្តិ និងលាភសំណាង និងក៏តំណាងឲ្យពណ៌ភ្លើង ដែលធ្វើឲ្យសត្វ «នាន» មានការភ័យខ្លាច បានរត់គេចចេញ។ និងការដុតផាវ ដែលសំដៅលើសំឡេង ផ្ទុះរបស់បំពង់ឫស្សីដែលលោកតានោះបានដុត ធ្វើឲ្យសត្វសាហាវខាងលើភ័យខ្លាច និងរត់គេចបាត់ទៅ។
ហើយអ្វីដែលមិនអាចចោលបាន ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន របស់ប្រជាជនចិននោះគឺ របាំតោ និងរបាំនាគ ដែលតំណាងឲ្យសត្វមានឫទ្ធានុភាព ឬគេតែងហៅថា របាំម៉ុងសាយ ត្រូវបានគេធ្វើឡើងនៅក្រោយថ្ងៃចូលឆ្នាំ ដើម្បីយកមកបន្លាច និងបណ្តេញឧបទ្រពចង្រៃ ញុំាងកម្មវិធីឲ្យរីករាយ សប្បាយ ជួយឲ្យមានរាសីខ្ពស់ ដែលគេអាចហៅទៅកម្មវិធីសម្ពោធហាង ផ្ទះ ខុនដូ និងពិធីផ្សេងៗទៀតពោលគឺការសម្ដែងអាស្រ័យទៅលើម្ចាស់កម្មវិធីតម្រូវអាចលេងលើដី និងឡើងបង្គោលជាដើម៕

មតិល្បី
សរសេរមតិ