ប្រវត្តិលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បេក្ខភាពឈរឈ្មោះជាប្រធានសមាគមសិល្បៈ អាណត្តិថ្មី
លោកជំទាវអ្នកឧកញ៉ា ស្រីតូច ចំណាន មានឈ្មោះពិតថា ម៉ៅ សុចំណាន មានអាយុ ៤១ឆ្នាំ លោកជំទាវកើតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៨៣ ទីកន្លែងកំណើត នៅខេត្តស្វាយរៀង មានឪពុកឈ្មោះ ម៉ៅ នី អាយុ ៦៥ឆ្នាំ មានមុខរបរជាមន្ត្រីកងយោធពលខេមរភូមិន្ទ ហើយម្តាយ មានឈ្មោះ គង់ សោម៉ា អាយុ ៥៥ឆ្នាំ មុខរបរជាមេផ្ទះ។
មុនក្លាយជាឧត្តមភរិយា អ្នកឧកញ៉ា គិត ម៉េង លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ធ្លាប់ជាអតីតតារាចម្រៀង ដោយបានបោះជំហានចូលប្រឡូកក្នុងវិថីសិល្បៈដំបូង ក្នុងអំឡុងឆ្នាំ១៩៩៨ តាមរយៈការចេញច្រៀង តាមភោជនីយដ្ឋាន បន្ទាប់មកលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក៏មានឱកាសបានចូលសម្តែង ខារ៉ាអូខេ នៅក្នុងផលិតកម្មហង្សមាស ផលិតកម្ម យូធូ និងផលិត ស្ទឹងសង្កែ រហូតបានឡើងកូដក្លាយជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥។
ក្រោយពីជួបរឿងអកុសលអាម៉ាសនៅលើឆាក កាលពីអំឡុងឆ្នាំ២០០២-២០០៣ ក៏បាត់មុខពីវិថីសិល្បៈ មួយរយៈក្រោយមក ទើបលេចឮព័ត៌មានថា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានសាងស្នេហ៍យ៉ាងផ្អែមល្ហែម ជាមួយឧកញ៉ាក្មេងស្រុកខ្មែរម្នាក់ ដែលមានប្រាក់វាល់លានដុល្លារគឺ អ្នកឧកញ៉ា គិត ម៉េង និងបានផ្តល់កំណើតកូនរួមគ្នាចំនួន ៤រូប។
ក្រោយមកនៅ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានដឹកដៃស្វាមី អ្នកឧកញ៉ា គិត ម៉េង ចូលរោងការសំពះផ្ទឹម តាមប្រពៃណីខ្មែរ។ ក្រោយពីទទួលបានងារជាឧត្តមភរិយាពេញសិទ្ធិ លោកជំទាវអ្នកឧកញ៉ា ស្រីតូច ចំណាន បានទទួលកិត្តិយស និងកាន់កាប់តួនាទីមួយចំនួនក្នុងក្រុមហ៊ុនRoyal Group ហើយចុងក្រោយនេះក៏ប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បៈ ដែលការប្រកាសរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានធ្វើឡើងក្នុងថ្ងៃតែមួយ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងសាររបស់សម្តេចថា សម្តេចមិនចង់ឃើញការលំបាករបស់សមាគម ក្នុងការស្វែងរកថវិកាជួយសិល្បករ សិល្បការិនី ជួបការលំបាក។ សម្តេចសង្ឃឹមថា សមាគមនឹងរកបានប្រធានល្អ មានលទ្ធភាពជួយសិល្បករ សិល្បការិនីបានផងដែរ៕
មតិល្បី
សរសេរមតិ