«លាក់កន្សែង» ល្បែងប្រជាប្រិយជួយឲ្យអ្នកលេងត្រូវចេះប្រុងស្មារតីជាប់ជានិច្ច
"ល្បែងលាក់កន្សែង" ជាល្បែងមួយរបស់ក្មេងខ្មែរបុរាណកាល តែងលេងសម្រាប់ជាទីកម្សាន្តសប្បាយនៅពេលយប់ខែភ្លឺ ក្នុងរដូវចូលឆ្នាំ ឬនៅពេលជាចន្លោះការហត់នឿយម្ដងៗ។
តាមឯកសារនៃសៀវភៅរបស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ "ល្បែងប្រជាប្រិយខ្មែរ" បានឲ្យដឹងថា ល្បែងនេះមុនដំបូង ក្រុមក្មេងៗគេបបួលគ្នាបានចំនួន ៦-៧ នាក់ឡើងទៅឲ្យអង្គុយច្រហោងដំកង់ជាវង់មូល ដាក់ដៃទាំងពីរទៅមុខលើក្បាលជង្គង់ ក្នុងទីណាដែលជាទីវាលស្រឡះរាបស្មើល្អ។
អង្គុយជាវង់មូលហើយ គេយកកន្សែង ឬក្រមាតូចមួយមករុំមូរធ្មូលរឹតឲ្យតឹងណែនល្អ ទុកជាយបន្ដិចម្រាប់កាន់យួរបាន សន្មតហៅថា កន្សែង មានម្នាក់ក្រោកចេញកទៅក្រៅវង់កាន់កន្សែងនោះ ដើរព័ទ្ធជុំវិញយ៉ាងលឿន ពីខាងក្រោយខ្នងអ្នកអង្គុយបញ្ឆោតអ្នកអង្គុយមិនឲ្យដឹងខ្លួនថា គេលាក់កន្សែងក្រោយខ្នងអ្នកណា។តែល្បែងនេះមានត្រណមយ៉ាងតឹងរ៉ឹងមិនឲ្យអ្នកលេងងាកក្រោយឬលូកដៃទៅខាងក្រោយខ្នង បើអ្នកណាមួយហ៊ានងាក ឬលូក ស្ទាបខាងក្រោយខ្នង អ្នកលាក់គេមានអំណាចដាក់ទណ្ឌកម្មអ្នកនោះ មិនឲ្យឡើងលាក់កន្សែង ឬគេឲ្យអ្នកនោះអង្គុយធ្មេចភ្នែកក៏បាន ស្រេចតែគេដាក់ទោសយ៉ាងណាតាមចិត្តគេស្ម័គ្រ។
អ្នកលាក់លុះរត់ក្រឡឹងអ្នកអង្គុយ ២-៣ជុំហើយ មើលតែអ្នកណាអង្គុយបែបភ្លេចខ្លួនគេក៏ដាក់កន្សែងក្រោយខ្នងនោះភ្លាម រួចគេរត់យ៉ាងរហ័សព័ទ្ធវង់អ្នកអង្គុយ។ បើអ្នកដែលត្រូវគេលាក់កន្សែងពីក្រោយខ្នងនោះមិនដឹងខ្លួន លុះអ្នកលាក់គេរត់ក្រឡឹងមកម្ដងទៀតចាប់យកកន្សែងនោះបានមុនគេទុកអ្នកលាក់នោះជាឈ្នះត្រូវមានអំណាចរើសយកកន្សែងទៅគក់ខ្នងអ្នកដែលអង្គុយនោះ ហើយគេយកកន្សែងលាក់ត ទៅទៀត។ តែបើអ្នកអង្គុយដឹងខ្លួនថា គេលាក់កន្សែងចំក្រោយខ្នងខ្លួន ហើយចាប់យកកន្សែងបានមុនអ្នកលាក់រត់មកដល់គេទុកអ្នកអង្គុយនោះ ជាឈ្នះ ត្រូវមានអំណាចក្រោកឡើងចាប់កន្សែងដេញគក់អ្នកលាក់នោះវិញ តែបើអ្នកនោះគេរត់ទៅដល់កន្លែងចន្លោះអង្គុយបានទៅអ្នកកាន់កន្សែងនោះ មិនត្រូវគក់គេទេ ត្រូវរត់ក្រឡឹងអ្នកអង្គុយដំកង់ដើម្បីនឹងលាក់តទៅទៀតគឺថាអ្នកលាក់ពីមុនត្រូវទៅអង្គុយកន្លែងអ្នកចាប់កន្សែងបានក្នុងវង់ដដែល។គេលេងរបៀបខាងលើនេះរហូតដល់យប់។ ជួនកាលអ្នកខ្លះមិនដែលបានឡើងលាក់កន្សែងនឹងគេម្ដងសោះក៏មាន ព្រោះគេលាក់កន្សែងក្រោយខ្នងខ្លួន ខ្លួនមិនដឹងរវល់តែគេគក់ខ្នងបានរាល់ពេល។ ល្បែងនេះ គេលេងដើម្បីហាត់ខ្លួនឲ្យមានស្មារតីរឹងប៉ឹង រហ័សរហួនឲ្យមានប្រាជ្ញាវាងវៃ ហាត់ទម្លាប់ខ្លួនឲ្យចេះប្រុងស្មារតីជានិច្ច៕
មតិល្បី
សរសេរមតិ