ត្រៀមឲ្យហើយ! ខេត្ដកំពង់ស្ពឺ នឹងរៀបចំពិធី «កំពង់ស្ពឺសង្ក្រាន្ត ឆ្នាំ២០២៤» និងពិធីផ្សេងៗទៀត
ខេត្ដកំពង់ស្ពឺនឹងរៀបចំ “កំពង់ស្ពឺសង្ក្រាន្ត ឆ្នាំ២០២៤” រយៈពេល ៤ថៃ្ង ត្រូវនឹងថ្ងៃទី ១៣-១៤-១៥-១៦ ខែមេសា ក្នុងនោះមានរៀបចំលេងល្បែងប្រជាប្រិយខ្មែរ និងពិធីប្រណាំងរទេះសាលីគោលឿន ឆ្នាំ ២០២៤ ក្នុងទឹកដី ភូមិជ្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ 
ដោយបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋបាលខេត្តកំពង់ស្ពឺ ស្តីពីការប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ នាទីព្រឹក ស្ថិតក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ពិធីនេះប្រារព្ធឡើង ក្នុងគោលបំណងចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយស្របតាមបរិបទនៃ សង្គមបច្ចុប្បន្ន នូវប្រពៃណីប្រណាំងរទេះសាឡីគោលឿននៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ។ 


គួររម្លឹកដែរថា បើតាមឯកសារនៃប្រវត្តិសាស្ត្រខ្មែរបានឲ្យដឹងថា ដើមឡើយរទេះសាឡីគោ ប្រើប្រាស់សម្រាប់តែដឹកជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាអាពាហ៍ពិពាហ៍ ពីធីបុណ្យប្រពៃណី និងពីធីបុណ្យផ្សេងៗប៉ុណ្ណោះ លុះក្រោយមក អ្នកភូមិក៏បានផ្តួចផ្តើមគំនិត បង្កើតពិធីប្រណាំងរទេះសាឡីគោរនេះនៅតាមភូមិ នៅតាមសហគមន៍ រហូតនៅតាមទីប្រជុំជន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕ សម្រួលអត្ថបទដោយ៖ Puthseyha 



មតិល្បី
សរសេរមតិ