ក្រុមបាល់ទាត់ក្រសួងអប់រំ ក្លាយជាម្ចាស់ពានរង្វាន់មិត្តភាព យុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី៩
ក្រុមបាល់ទាត់ក្រសួងអប់រំ យុវជន និងកីឡា បានក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់មិត្តភាពយុវជន អន្ដរក្រសួង-ស្ថាប័ន លើកទី៩ បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់ក្រសួងសុខាភិបាល នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ២ ទល់និង ១ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤។ 
មុនឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ នៅក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ដោយមានការប្រកួតយ៉ាងស្វិតស្វាញ ក្រុមបាល់ទាត់ក្រសួងអប់រំ យុវជន និងកីឡា បានត្រឹមស្មើគ្នាក្នុងលទ្ធផល ០ ទល់និង ០ ជាមួយក្រុមបាល់ទាត់ក្រសួងការពារជាតិ ប៉ុន្តែឈ្នះដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៤ ទល់និង១ ខណៈប្រកួតបន្ទាប់ ក្រុមបាល់ទាត់ក្រុមក្រសួងសុខាភិបាល បានត្រឹមស្មើគ្នា ០ទល់និង០ ជាមួយក្រុមបាល់ទាត់ក្រសួងមុខងារសាធារណៈ ប៉ុន្តែបានយកឈ្នះដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៤ទល់និង១ ដូចគ្នា។


ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់មិត្តភាពយុវជន អន្ដរក្រសួង-ស្ថាប័ន លើកទី៩ មានក្រុមចូលរួម រហូតដល់ ៣៤ក្រុម ស្មើនឹង ៧២ប្រកួត បែងចែកជា ៨ពូល ដើម្បីប្រកួតជម្រុះនៅទីលានវិទ្យាល័យ បឹងត្របែក ក្នុងនោះពូលA ដល់ពូលF គឺមាន ៤ក្រុមក្នុងមួយពូល ខណៈពូល G និងពូល H មាន ៥ក្រុម។ បន្ទាប់មក ក្រុមឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងឡើងទៅវគ្គ ១៦ក្រុមចុងក្រោយដែលត្រូវប្រកួតនៅកីឡដ្ឋានស្ដាតចាស់។


សូមបញ្ចាក់ថា ម្ចាស់ជើងឯក នៃពានរង្វាន់មិត្តភាពយុវជន អន្ដរក្រសួង-ស្ថាប័ន លើកទី៩ ម្ចាស់ជើងឯកលើកទី៩ បានទៅលើក្រសួងអប់រំ យុវជន និងកីឡា ចំណាត់ថ្នាក់លេខ២ ក្រសួងសុខាភិបាល និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមយុវជនក្រសួងការពារជាតិ ក្រុម Fair Play បានទៅលើ ក្រសួងមុខងារសាធារណៈ៕សម្រួលអត្ថបទដោយ៖ Puthseyha 

មតិល្បី
សរសេរមតិ