លោក ជីង ចក់ ចេញលិខិតសុំទោសជាសាធារណៈ ក្រោយនិយាយប៉ះពាល់ដល់ក្រុមមានងារជាឧកញ៉ា
អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ដ៏ល្បីមួយរូប លោកជឿន ចក់ ហៅថាជីង ចក់ កាលពីពេលថ្មីៗនេះចេញលិខិតសុំទោសជាសាធារណៈ ក្រោយនិយាយវិភាគ និងរិះគន់ទៅលើបុគ្គលមួយចំនួនដែលមានងារជាឧកញ៉ា ដោយបានប្រើប្រាស់ងារជាឧកញ៉ាទៅប្រព្រឹត្តនូវកំហុស និងទង្វើផ្ទុយច្បាប់ដែលបណ្តាលឲ្យប្រជាពលរដ្ឋរងទុក្ខវេទនា ថែមទាំងបានធ្វើឲ្យប៉ះពាល់ដល់កត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ឧកញ៉ាត្រឹមត្រូវថែមទៀតផង។
ក្នុងលិខិតនោះដែរ លោកជីង ចក់ បានបញ្ជាក់ថា ក្នុងការបកស្រាយរបស់ខ្ញុំបាទគ្រានោះ មានពាក្យពេចន៍ខ្លះពិតជាបានបង្កើតឲ្យមានកំហុសដោយអចេតនា ដែលនាំឲ្យប៉ះពាល់ជារួមដល់កិត្តិនាម និងសេចក្តីថ្លៃថ្នូររបស់ សមាគមឧកញ៉ាកម្ពុជា មែនព្រោះថា ខ្ញុំបាទមិនមានការយល់ដឹងច្បាស់លាស់ទៅនឹងពាក្យថាគោរមងារឧកញ៉ា ដែលជាគោរមងារកិត្តិយសផ្តល់ដោយព្រះមហាក្សត្រ ទ្រង់ព្រះរាជទានដោយព្រះរាជក្រឹត្យ ទៅតាមលំដាប់ថ្នាក់ ដល់រូបវន្តបុគ្គលដែលជាប្រជាពលរដ្ឋខ្មែរមានគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍន៍ និងកសាងជាតិ ហើយងារជាឧកញ៉ាពុំមានឥទ្ធិពលអាចយកទៅប្រើប្រាស់សម្រាប់រកស៊ីបោក ប្រាស់ប្រជាពលរដ្ឋបានទេ។
ជាមួយគ្នានេះលោកជីង ចក់ ក៏បានទទួលស្គាល់កំហុសរបស់ខ្លួន ថែមទាំងសុំទោសជាសាធារណៈ និងជាពិសេសដល់លោកអ្នកឧកញ៉ាប្រធាន ចំពោះកំហុសដោយអចេតនាមួយនេះ។ ហើយលោកក៏បានសន្យាថានឹងឈប់ឲ្យមានការផ្សព្វផ្សាយ ឬនិយាយប៉ះពាល់ដល់កិត្តិយស ឬបរិហាកេរ្តិ៍ នៃគោរមងារឧកញ៉ា តទៅទៀត។ ហើយចាប់ពីពេលនេះតទៅ អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់រូបនេះនឹងលុបនូវវីដេអូខ្លីដែលបានចេញផ្សាយកាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៤ នៅលើទំព័រហ្វេសប៊ុក ជីង ចក់ TV ចោលឲ្យអស់ រួមទាំងដំណរភ្ជាប់ទៀតផងដែរ៕
មតិល្បី
សរសេរមតិ