ព្រះរាជជីវប្រវត្តិ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្រ្តកម្ពុជា
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងព្រះបរមងារ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ទ្រង់បានប្រសូតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦ មានព្រះនាមដើម ប៉ូល ម៉ូនិក អ៉ីហ្សហ្ស៉ី (Paule Monique Izzi)។ ព្រះបិតាព្រះអង្គព្រះនាម ហ្សង់ ហ្វ្រង់ស្វ័រ អ៉ីហ្សហ្ស៉ី ដើមកំណើតអ៊ីតាលី បានទទួលមរណភាពនៅក្នុងសង្គ្រាមលោកលើកទី២។ ព្រះមាតាព្រះនាម ប៉ុម ពាង (Pomme Peang) ជនជាតិខ្មែរ។ ព្រះអយ្យិការបស់សម្តេចព្រះមហាក្សត្រី ព្រះនាមអ៊ុក។ ព្រះមហាក្សត្រី មានព្រះអនុជព្រះនាម អាន ម៉ារី អ៉ីហ្សហ្ស៉ី (Ann Mary Izzi)។
កាលពីកុមារភាពទ្រង់បានសិក្សារៀនសូត្រនៅសាលាបឋមសិក្សាព្រះនរោត្តម ថ្នាក់មធ្យមសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងនៅសាលាលីសេ ដេកាត ក្រុងភ្នំពេញ។ សម្តេចម៉ែ សម្តេចយាយនៃយើង ទ្រង់អាចមានព្រះបន្ទូលជាភាសាបារាំង និងអង់គ្លេសយ៉ាងស្ទាត់ជំនាញ។ សម្តេចម៉ែ សម្តេចយាយទ្រង់បានរៀបអភិសេកជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅខែមេសា ឆ្នាំ១៩៥២។ សម្តេចព្រះមហាក្សត្រី ព្រះអង្គមានព្រះរាជបុត្រចំនួនពីរព្រះអង្គ គឺព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយើងបច្ចុប្បន្ន និងព្រះអង្គម្ចាស់នរោត្តម នរិន្ទ្រពង្ស ហើយព្រះអង្គម្ចាស់ នរោត្តមនរិន្ទ្រពង្ស ទ្រង់បានសោយទិវង្គតនៅឆ្នាំ២០០៣ ដោយជំងឺបេះដូង។
នៅចុងឆ្នាំ១៩៦០ សម្តេចម៉ែ សម្តេចយាយបានក្លាយជាព្រះប្រធាននៃកាកបាទក្រហមកម្ពុជា និងបច្ចុប្បន្ននេះទ្រង់ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។ សម្តេចម៉ែ ទ្រង់ជាព្រះមហេសីដែលព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ សម្តេចតានៃយើងសព្វព្រះរាជហឬទ័យបំផុត ដោយទ្រង់ទទួលបានព្រះស្រឹង្គារក្តីស្រឡាញ់ មេត្តាប្រោសប្រណីយ៉ាងខ្លាំងបំផុតពីព្រះស្វាមីរបស់ទ្រង់ផងដែរ ក្នុងរយៈពេលដ៏យូរជាងកន្លះសតវត្សរ៍កន្លងទៅនេះ និង បានក្លាយជាសម្តេចព្រះមហាក្សត្រីដែលប្រជានុរាស្រ្តខ្មែរថ្វាយសេចក្តីគោរពស្រលាញ់ជារៀងរហូតមកដែរ។
សម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គបានយាងដង្ហែរតាមព្រះរាជសកម្មភាពនៃអង្គព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ស្ទើរតែគ្រប់ទិសទីនិងក្នុងគ្រប់កាលៈទេសៈ មិនថាក្នុងសម័យតស៊ូក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សម័យកម្ពុជាប្រជាធិបតេយ្យ សម័យការតស៊ូត្រីភាគីនៅតំបន់ជាយដែនខាងលិច ឬសម័យព្រះរាជាណាចក្រកម្ពុជាទី២នោះឡើយ។
លើសពីនេះនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំព្រះបរមងារថ្វាយព្រះរាជមាតា របស់ព្រះអង្គថាសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល រហូតដល់សព្វថ្ងៃនេះ។ ឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៨ព្រះវស្សាយាងចូល ៨៩ព្រះវស្សាខាងមុខនេះ កូនចៅ ចៅទូតសូមថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយនៃយើងទាំងអស់គ្នា សូមព្រះអង្គសមប្រកបតែនឹងពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
មតិល្បី
សរសេរមតិ