សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថាគម្រោងព្រែកជីក-ហ្វូណនតេជោ គឺជាគំនិតផ្ដួចផ្ដើមកើតចេញពីមនសិការ និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា គម្រោងព្រែកជីក- ហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមកើតចេញពីមនសិការ និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធ ដែលនឹងផ្តល់ផលចំណេញយ៉ាងធំដល់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ថ្លែងដូចនេះក្នុងពិធីអបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) នាថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤។
សម្តេចតេជោ ថ្លែងអំណរគុណចំពោះជនរួមជាតិនៅគ្រប់ទិសទីដែលបានគាំទ្រពេញទំហឹងដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានស្ថាបនានៅក្នុងពេលដ៏ខ្លីខាងមុខនេះ ខណៈនេះជាចលនាជាតិដ៏ខ្លាំង ក្លាមួយទៀតរបស់ប្រជាជនទាំងមូល ដូចទៅនឹងចលនាជាតិការពារអធិបតេយ្យ បូរណភាពទឹកដី និងចលនាជាតិការពារខឿនសុខភាពប្រជាជននាពេលកន្លងមក។
សម្តេចតេជោបានលើកឡើងថា គម្រោងព្រែកជីក- ហ្វូណនតេជោ នឹងផ្តល់ផលចំណេញយ៉ាងធំដល់កម្ពុជា ដូចជាការចំណេញចម្ងាយផ្លូវដឹកជញ្ជូន, ចំណេញខាងការប្រកួតប្រជែងតម្លៃ, បង្កើនប្រព័ន្ធស្រោចស្រព និងការរំដោះទឹកជំនន់, ជួយពង្រីកការ ដាំដុះនៅភាគនិរតី, ទទួលបានផលនេសាទ និងពីវារីវប្បកម្ម ព្រមទាំងជំរុញដល់វិស័យ ទេសចរណ៍ផងដែរ។
សម្តេចតេជោគូសបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យកម្ពុជាពង្រឹងនូវឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក ដោយព្រែកជីកនេះ នឹងមិនបង្កផលប៉ះ ពាល់ដល់បរិស្ថាន និងរំហូរទឹកទន្លេមេគង្គឡើយ។
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានស្នើចំពោះរាជរដ្ឋាភិបាល ទូងស្គរ បាញ់កាំជ្រួច នៅគ្រប់ទីកន្លែងដែលអាចធ្វើទៅបាន នៅថ្ងៃទី៥ សីហា ២០២៤ ខាងមុខនេះ ដើម្បីបង្ហាញពីការគាំទ្រ លើកទឹកចិត្ត នូវការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
មតិល្បី
សរសេរមតិ