អភិបាលខេត្តកណ្តាលប្រកាសថា ពុំបានបិទការសម្តែងទីងមោងឡើយ
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានប្រកាស និងអះអាងនៅលើគណនីហ្វេសប៊ុកផ្លូវការថា អាជ្ញាធរមិនមានបិទ ឬមិនឱ្យសម្តែងទីងមោងទេ។
គួររម្លឹកផងដែរថា កាលពីល្ងាចថ្ងៃទី១១ ខែកក្កដា កន្លងទៅមានគណនីមួយឈ្មោះ ទីមោង វត្តតាលន់ ដែលត្រូវបានគេស្គាល់ថាជាក្រុមសម្តែងទីមោងក្នុងខេត្តកណ្តាល បានបង្ហោះសារថា «បិទទាំងអស់ទូទាំងខេត្តកណ្ដាល។ ចាប់ពីថ្ងៃនេះតទៅអត់មានទីងមោងចេញហែរទៀតទេ! ទីងមោងដែលធ្លាប់តែមានតាំងពីដូនតាមកត្រូវបញ្ចប់ត្រឹមនេះ។ អ្នកស្រុកស្អាង មានការសោកស្តាយ និងខកចិត្តជាខ្លាំង»។
បន្ទាប់ពីមហាជនងឿងឆ្ងល់ និងចែករំលែកយ៉ាងព្រោងព្រាតទៅលើការបង្ហោះនោះរួចមក ស្រាប់តែឯកឧត្តម គួច ចំរើន បានប្រកាសថា៖ «ខ្ញុំបានឃើញការផ្សព្វផ្សាយ អំពីទីងមោង ថាត្រូវបានបិទ។ ខ្ញុំសូមបញ្ជាក់ថា ពុំមានការបិទទេ ហើយស្នើសុំឲ្យរៀបចំ ដោយមានសណ្តាប់ធ្នាប់ល្អ រក្សាបាន គុណតម្លៃសិល្បៈវប្បធម៌ខ្មែរយើង»។ ឯកឧត្តម គួច ចំរើន បានបញ្ជាក់បន្តទៀតថា «ខ្ញុំនឹងជួបជាមួយបងប្អូនផ្ទាល់នៅពេលខាងមុខ»។
គួរជម្រាបផងដែរថា តាមរយៈនរវិទូខ្មែរ អាំង ជូលាន ដែលជាសាស្រ្ដាចារ្យមានបទពិសោធន៍បង្រៀនផ្នែកនរវិទ្យា និងសិលាចារិកវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បាននិយាយរៀបរាប់ពីដើមកំណើតរបស់ទីងមោងថា កាលពីដើមឡើយទីងមោងត្រូវបានគេហៅថា យក្សជៀល ព្រោះគេគូសមុខទីងមោងឲ្យទៅជាយក្ស ហើយខ្លួនទីងមោងត្រូវបានគេធ្វើឡើងដោយក្រងពីឫស្សី ហើយយកក្រដាសមករុំដើម្បីធ្វើឲ្យព្រាយក្នុងភូមិខ្លាច។ ដោយសារតែប្រវត្តិសាស្រ្ដដ៏ជូចត់របស់ខ្មែរក្នុងសម័យអាណានិគមបារាំងរយៈពេលជិតមួយទស្សវត្ស ផ្នត់គំនិតរបស់ប្រជាជនខ្មែរក៏មានការវិវត្តផ្លាស់ប្តូរតាមលក្ខខណ្ឌរស់នៅក្នុងសម័យនោះ។ សាស្រ្ដាចារ្យ អាំង ជូលាន បានពិពណ៌អំពីការភ័យខ្លាចរបស់ប្រជាជនខ្មែរចំពោះពួកបារាំងថា «នៅពេលបារាំងចូលមកក្នុងភូមិមានការអ្វីម្ដងៗអ្នកភូមិរត់អស់ហើយ បើស្រីៗរត់អស់តែម្ដង។ ពីមុនគេគិតថា បារាំងច្រមុះស្រួចមើលតែផ្លែកាំបិត មុខមាត់ស្រមេមស្រម៉ូម មាឌធំ ហើយនិយាយស្ដាប់គ្នាមិនបានទៀតធ្វើឲ្យមនុស្សខ្លាច»។ ដោយសារតែបញ្ហានេះ អ្នកភូមិក៏នាំគ្នាឈប់ធ្វើយក្សជៀល ហើយនាំគ្នាធ្វើទីងមោង ដែលមានមុខមាត់ និងមាឌដូចជាបារាំង ដើម្បីបន្លាចខ្មោចព្រាយក្នុងភូមិដែលចាំបង្កជំងឺរាតត្បាត។ សាស្រ្ដាចារ្យ អាំង ជូលាន បានបកស្រាយបន្ដទៀតថា បុណ្យកឋិន បុណ្យផ្កាគោលបំណងសម្រាប់កសាងអ្វីមួយឲ្យវត្តអារាម ឬការសាងសង់ស្ពានតូចៗ និងផ្លូវ ដូច្នេះគេក៏ធ្វើទីងមោងមួយគូដែលមានមាឌធំជាងមនុស្សធម្មតា ហើយស្លៀកពាក់ជាមនុស្សប្រុសម្នាក់ ស្រីម្នាក់រាំតាមចង្វាក់ភ្លេងឆៃយ៉ាំ ដើម្បីប្រមូលបច្ច័យពីពុទ្ធបរិស័ទចំរុះជើងវត្ត ចូលរួមជាបច្ច័យកសាងសម្មិទ្ធិផលដើម្បីវត្តនិងភូមិជាដើម៕
មតិល្បី
សរសេរមតិ