កក្រើកទៀតហើយ The Kanitha Show បង្ហាញភស្តុតាងថ្មី ក្រោយលោក គុយ វ៉ាត ត្រូវបានចាប់ខ្លួន
ក្រោយទទួលដំណឹងពីការចាប់ខ្លួនលោក គុយ វ៉ាត ជាថៅកែហាង «Park Café» និងជាម្ចាស់ក្រុមហ៊ុនជាច្រើនទៀតពាក់ព័ន្ធបទល្មើសចេញសែកអត់ប្រាក់ និងឆបោកប្រាក់ផ្សេងៗទៀត នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ The Kanitha Show ជាអ្នកបង្កើតមាតិកាដ៏ល្បីឈ្មោះមួយរូប និងតែងតែផលិតវីដេអូបង្ហាញពីភស្តុតាងដើម្បីស្វែងរកយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដែលកំពុងចាញ់បោកប្រាក់អស់រាប់លានដុល្លារជាមួយក្រុមហ៊ុន CIC Partner នោះ ក៏បានបង្ហោះវីដេអូនិងបង្ហាញភស្តុតាងថ្មីរបស់លោក គុយ វ៉ាត ថែមទៀតផង។
តាមរយៈវីដេអូដែលមានរយៈជាង ៧នាទី The Kanitha Show បានលើកឡើងយ៉ាងដូច្នេះថា «លោក គុយ វ៉ាត គឺជាមនុស្សឆ្លាតដែលនៅពីក្រោយខ្នងក្រុមហ៊ុនបោកប្រាស់ប្រាក់ប្រជាពលរដ្ឋជាច្រើន។ គាត់បានប្រើឈ្មោះបុគ្គលល្បីៗដើម្បីបញ្ចុះបញ្ចូលទឹកចិត្តអតិថិជនឲ្យដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុនរបស់គាត់ ក្រោមរូបភាពបោកប្រាស់ និងឆបោកជាដើម»។
ទន្ទឹមនឹងនេះដែរ The Kanitha Show បានបន្តទៀតថា «លោក គុយ វ៉ាត បានប្រើយុទ្ធសាស្ត្រដដែលដើម្បីបង្កើតក្រុមហ៊ុនថ្មីៗបន្តទៀត ប្រៀបដូចជាក្រុមហ៊ុន Z1 ពោលនៅពេលដែលអតិថិជនដាក់ប្រាក់ដើម្បីវិនិយោគជាមួយក្រុមហ៊ុននេះហើយ បៀបដូចជាទិញអចលនទ្រព្យណាមួយ ប៉ុន្តែកាពិតពុំដូច្នេះឡើយ នៅពេលប្រជាពលរដ្ឋដាក់ប្រាក់រួចហើយគឺ លោក គុយ វ៉ាត ក៏បិទក្រុមហ៊ុនចោលតែម្តងដែលធ្វើឲ្យប្រាក់របស់អតិថិជនក្លាយជាលុយខ្យល់»។ ក្រោយមក លោកក៏បានបោកប្រាស់ប្រាក់ពីអតិថិជនតាមរយៈការវិនិយោគជាមួយក្រុមហ៊ុន CIC Partner បន្តទៀត ដោយមកដល់រយៈពេល៤ខែមកហើយគ្មានដំណោះស្រាយណាមួយសមស្រប និងត្រឹមត្រូវជូនអតិថិជនដែលជាពលរដ្ឋស្លូតត្រង់នោះឡើយ។
នៅក្នុងប្រភពវីដេអូដដែល The Kanitha Show ក៏បានស្នើដល់សមត្ថកិច្ចឲ្យរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃរបស់ លោក គុយ វ៉ាត ដើម្បីយកមកសងបំណុលជូនអតិថិជនដែលជាជនរងគ្រោះ។ មួយវិញទៀតស្នើសុំឲ្យអជ្ញាធរមានសមត្ថកិច្ចជួយផ្សព្វផ្សាយ និងជូនដំណឹងជាព័ត៌មានអំពីចំណាត់ការរបស់តុលាការ ដោយរឹបអូសបានអ្វីខ្លះ និងត្រូវមានទោសប៉ុន្មានឆ្នាំផងដែរ៕
មតិល្បី
សរសេរមតិ