"ស្នាមញញឹមនៃកម្ពុជា" នឹងរៀបចំសាជាថ្មីរយៈពេល២ថ្ងៃ នៅបរិវេណប្រាសាទអង្គរវត្ត
ខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍ "ស្នាមញញឹមនៃកម្ពុជា" រយៈពេលពីរថ្ងៃ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងបរិវេណប្រាសាទអង្គរវត្ត ដើម្បីអបអរសាទរខួប លើកទី២០ នៃព្រះរាជពិធីគ្រងព្រះរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះក៏មានការអញ្ជើញចូលរួមពិធីបើកដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧត្តមភរិយានាយករដ្ឋមន្ត្រីនៃកម្ពុជា និងស្រ្តីទី១ នៃកម្ពុជា។ 
តាមរយៈការផ្តល់ព័ត៌មានពីរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងយ៉ាងដូច្នេះថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំព្រឹត្តិការណ៍នេះដោយរៀបចំកម្មវិធីជាច្រើននៃអាណាចក្រខ្មែរ នាសម័យអង្គររួមមាន៖ ១. ក្បួនដង្ហែព្រះមហាក្សត្រនាសម័យអាណាចក្រខ្មែរ។ ២. ការសម្តែងនូវរបាំបុរាណនៅមុខប្រាង្គប្រាសាទអង្គរវត្តដ៏អស្ចារ្យ។៣. ពិព័រណ៍ម្ហូបអាហារ និងវត្ថុស្នាដៃសិល្បៈវប្បធម៌ និងការចូលរួមភ្លក្សអាហារដោយសេរី (សម្រាប់ភ្ញៀវបរទេស)។ ៤. ការសម្តែងនូវសិល្បៈប្រពៃណីខ្មែរ ជួបជាមួយតារាល្បីៗ នៃព្រះរាជាណាចក្រកម្ពុជា។ ៥. ការប្រកួត «ទីងម៉ោង» ទៀតផង។ 


គួររម្លឹកដែរថា ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី១ ត្រូវបានរៀបចំឡើងរយៈពេល៥ថ្ងៃ កាលពីថ្ងៃទី១២-១៦ ខែសីហា ឆ្នាំ២០២៤ ដោយសមាគមសិល្បៈករខ្មែរ ក្រោមកិច្ចសហការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ក្រសួងកិច្ចការនារី រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងសហព័ន្ធទេសចរណ៍។ ក្នុងព្រឹត្តិការណ៍លើកទី១ នោះបានប្រារព្ធពិធីបើកដោយសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ កម្មវិធីនាពេលនោះ មានកម្មវិធីកម្សាន្ត ការបង្ហាញពិព័រណ៍ខ្នាតតូចនៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃផ្សព្វផ្សាយពីវប្បធម៌ បង្កបរិយាកាស និងកម្មវិធីផ្សេងៗមួយចំនួនទៀត ដើម្បីជាស្នាមញញឹមដល់ភ្ញៀវទេសចរដែលបានមកចូលរួម ព្រមទាំងទទួលបាននូវភាពជោគជ័យគួរកត់សម្គាល់ផងដែរ៕



មតិល្បី
សរសេរមតិ