ប្រវត្តិរូបសង្ខេប របស់ លោក កៅ សីហា អ្នកនិពន្ធ និង ដឹកនាំរឿងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស
មហាជនក៏ដូចជាអ្នករួមសិល្បៈជាច្រើនពិតជាមានក្ដីរន្ធត់ និងតក់ស្លុតយ៉ាងខ្លាំង ក្រោយទទួលដំណឹងមរណៈភាពរបស់ លោក កៅ សីហា ដែលអ្នកនិពន្ធ និង ដឹកនាំរឿងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាសដែលជាធនធានមនុស្សដ៏កម្រ និងជាបុគ្គលម្នាក់ដែលស្លូតបូត រួសរាយរាក់ទាក់ មានចិត្តមេត្តា ចេះជួយទុកទុរៈដល់បណ្ដាលមិត្តរួមអាជីពគ្រប់រូប ដោយការបាត់បង់នេះធ្វើឲ្យគ្រប់គ្នាសោកស្ដាយជាពន់ពេក។
បើងាកមកដឹងពីប្រវត្តិរូបសង្ខេបនិងការខិតខំរបស់លោកពីកុមារភាពមកដល់បច្ចុប្បន្នគឺ លោក កៅ សីហា បានកើតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៨២ នៅទីក្រុងភ្នំពេញ កើតក្នុងគ្រួសារអ្នកធ្វើការមន្រ្តីរាជការ។
កាលពីកុមារភាពលោកជាក្មេងប្រុសម្នាក់ដែលស្រលាញ់និងមានដុងផ្នែកខាងនិពន្ធរឿងនិងសម្ដែង លោកមិនដែលចោលនោះទេគ្រប់ពេលមានការសម្ដែងនានា នៅចិត្តផ្ទះលោកតែងតែទៅមើលរៀនតាម និងយកមកអនុវត្តតែម្នាក់ឯងនៅផ្ទះ។
លោក កៅ សីហា បានចូលទៅសិក្សានៅសាលាបឋមសិក្សាវត្តលង្កា ក្នុងក្រុងភ្នំពេញ នាឆ្នាំ១៩៨៧។ លោកបានបញ្ចប់ ការសិក្សាថ្នាក់វិទ្យាល័យ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ នាឆ្នាំ២០០០។ លោកបានជាប់អាហាររូបករណ៍ជានិសិ្សតថ្នាក់អក្សរសាស្រ្តខ្មែរ នៅមហាវិទ្យាល័យមនុស្សសាស្រ្ត និងសង្គមសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយបានបញ្ចប់ បរិញ្ញាប័ត្រនាឆ្នាំ២០០៤ ទើបបន្តទៅសិក្សានៅមហាវិទ្យាល័យគរុកោសល្យ នៅឆ្នាំ២០០៥ បន្ទាប់មកលោកបានចេញទៅបម្រើការងារជាមន្រ្តីរាជការ នៅក្រសួងអប់រំ យុវជននិងកីឡាចាប់ពី ខែតុលា ឆ្នាំ២០០៥។
អ្នកនិពន្ធរូបនេះបានឆ្លងកាត់ជាមួយបទពិសោធន៍នៃជីវិតជាច្រើនដោយលោកមាននិស្ស័យស្រឡាញ់ការបង្រៀន លោកបានធ្វើជាគ្រូបង្រៀននៅវិទ្យាស្ថានប៊ែលធី អន្តរជាតិ តាមជំនាញសិក្សារបស់លោក តាំងពីឆ្នាំ២០០៦ មកម្ល៉េះ។
ក្រៅពីនោះ លោកក៏មានដុងនិងការស្រលាញ់ផ្នែកនិពន្ធបន្ថែមទៀត រៀនសរសេររឿងតាំងពីឆ្នាំ២០០០ និងបានក្លាយជានិពន្ធនាយក នៃទស្សនាវដ្តី អាថ៌កំបាំង នាអំឡុងឆ្នាំ២០០៦រហូតមកដល់ឆ្នាំ២០១០។ ក្នុងអាជីពជាអ្នកនិពន្ធលោកក៏បានចាប់យកបន្ថែមមួយទៀតជាមួយនឹងការសរសេរព័ត៌មាន ក្នុងនាមជាអ្នកកាសែត។ លោកបានផ្លាស់ មកធ្វើការនៅទស្សនាវដ្តី ឡេឌីស៍ ក្នុងតួនាទីជាអ្នកសរសេរព័ត៌មានសិល្បៈ និងសង្គមចាប់ពីឆ្នាំ២០១០។ លោកកៅ សីហា ជាអ្នកនិពន្ធព័ត៌មានសិល្បៈ និងសង្គមយ៉ាងចំណានមួយរូបដែលមានទឹកដៃធ្វើឲ្យអ្នកអានចូលចិត្ត អានអត្ថបទរបស់លោកពីព្រោះ លោកសរសេរផ្តល់ព័ត៌មានច្បាស់លាស់និងត្រឹមត្រូវមិនលើសពីការពិត ដោយសារឃើញពីស្នាដៃ និងទេពកោសល្យដ៏ល្អបែបនេះទើបខាងផលិតកម្មហង្សមាសទាក់ទងមកឲ្យគាត់ដឹកនាំក្នុងការសម្ដែងMV ក៏ដូចជារឿងភាគ ដែលបានសម្រេចជោគជ័យនិងពេញនិយមជាច្រើនរឿងផងដែរ៕
សម្រួលដោយ៖ Sun Darasy
មតិល្បី
សរសេរមតិ