ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដង្ហែព្រះករុណា ព្រះមហាក្សត្រ ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ
ប្រមុខថ្នាក់ដឹកនាំកម្ពុជាបានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ។
ព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធធ្វើឡើងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅ ព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។
ក្នុងឱកាសដង្ហែអង្គព្រះមហាក្សត្រនេះ មានវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចក្រឡាហោម ស ខេង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្តេចពិជ័យសេនា ទៀ បាញ់ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។
ថ្ងៃទី ២៩ខែតុលា ឆ្នាំ ២០២៤ ស្អែកនេះ គឺជាខួប២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័នធំៗរបស់ជាតិ បានផ្ញើសារលិខិតថ្វាយព្រះពរថ្វាយព្រះអង្គជាបន្តបន្ទាប់ ក្នុងនោះ ថ្នាក់ដឹកនាំព្រឹទ្ធសភា សមាជិកព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងអស់ បានបួងសួងដល់ព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រយានី ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋជាទីសក្ការៈ សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវព្រះរាជសព្វសាធុការពរជ័យ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនោះ ក៏មានរៀបចំពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍ ដែលបានបើកដំណើរការជាផ្លូវការ នៅទីតាំងសួនព្រះរាជបណ្តាំ ខាងមុខព្រះបរមរាជវាំង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។ ពិព័រណ៍នេះ មានការតាំងបង្ហាញអំពីព្រះរាជជីវប្រវត្តិ ព្រះរាជកាតព្វកិច្ច ស្នាព្រះហស្ត និងព្រះរាជសកម្មភាពសប្បុរសធម៌របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕

មតិល្បី
សរសេរមតិ