ប្រវត្តិពិធីអកអំបុក និងប្រពៃណីដាល់អំបុកខ្មែរ
ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប គេតែងរៀបចំជារៀងរាល់ឆ្នាំនៅ ព្រះរាជាណាចក្រកម្ពុជា ដោយមានរយៈពេល ៣ថ្ងៃ គឺចាប់ពី ថ្ងៃទី១៤កើត ១៥កើត ដល់ថ្ងៃ១រោច ខែកក្តិក ដោយឡែកពិធីបុណ្យអកអំបុក សំពះព្រះខែវិញ គេប្រារព្ធធ្វើនៅពាក់កណ្តាលរាត្រី ១៥កើត ខែកក្តិក តែប៉ុណ្ណោះ។
ពិធីនេះបានទទួលការនិយមគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកអុំ និងទូកចែវបុរស-នារី បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំ។ ក្នុងឱកាសនោះដែរ ក៏សង្កេតឃើញប្រជាពលរដ្ឋមកពីបណ្ដាខេត្ត ក្រុងមួយចំនួនយកទូកមកប្រណាំងដណ្ដើមយកជ័យជម្នះ ឲ្យខេត្តរបស់ខ្លួនទៀតផង។
និយាយពីពិធីអកអំបុក ដែលប្រជាជនខ្មែរតែងប្រារព្ធធ្វើក្នុងឱកាសព្រះរាជពិធីបុណ្យនេះ បើយោងតាមគេហទំព័រ ទ្រឹស្តីពុទ្ធចក្រ ចំពោះពិធីអកអំបុក និងសំពះព្រះខែ ត្រូវបានប្រជាពលរដ្ឋខ្មែរធ្វើឡើង ដើម្បីរម្លឹកដល់ព្រះពោធិសត្វ ដែលយកកំណើតជាទន្សាយបានលះបង់អាយុសង្ខារក្នុងការបំពេញបារមីទាន ដល់ឥន្ទ្រព្រាហ្មណ៍។
ទ្រឹស្តីពុទ្ធចក្រ បានឲ្យដឹងថា ការគិតរបស់ព្រះពោធិសត្វនេះ បានក្ដៅដល់ឥន្ទ្រព្រាហ្មណ៍ ហើយព្រះអង្គបាននិយាយថា «ជីវិតខ្ញុំនឹងក្ស័យជាមិនខានធ្វើម្ដេចនឹងបានអាហារបរិភោគ»។ ពេលនោះទន្សាយពោធិសត្វបានពោលថា «ខ្ញុំមានតែសាច់ និងឈាមត្រូវការឲ្យជាទាន បើអ្នកចង់បានចូររកអុសមកបង្កាត់ភ្លើងទៅចុះ ខ្ញុំនឹងលោតចូលក្នុងភ្លើងឲ្យបានជាអាហារបរិភោគ»។ ឥន្ទ្រព្រាហ្មណ៍គ្រាន់តែឮដូច្នេះ ក៏ទៅបង្កាត់ភ្លើងចំណែកឯទន្សាយ ក៏លោតចូលភ្លើងភ្លាមប៉ុន្តែ ដោយអំណាចនៃសេចក្ដីជ្រះថ្លា ព្រះឥន្ទ្រក៏ហោះទៅទ្រមិនឲ្យភ្លើងឆេះរោមមួយសរសៃឡើយ។ ឃើញដូច្នេះ ព្រះឥន្ទ្រក៏ហោះទៅឋានលើ យកថ្មកែវមនោសិលាគូសរូបទន្សាយនៅក្នុងរង្វង់ព្រះចន្ទ ជាប់តាំងពីនោះរហូតមក ហើយមនុស្សគ្រប់រូបឃើញរូបទន្សាយច្បាស់នៅថ្ងៃ១៥កើត។ គួរឱ្យដឹងដែរថា រណ្តាប់សែន ក្នុងពិធីបុណ្យអកអំបុក និងសំពះព្រះខែ រួមមាន អំបុក ចេក ដូង ដំឡូង ត្រាវ អំពៅ និងផ្លែឈើផ្សេងៗ និងទៀន ធូប ភ្ញីផ្កាជាដើម។
ដោយឡែក បើនិយាយពីប្រពៃណីដាល់អំបុកខ្មែរវិញ ប្រជាពលរដ្ឋតែងយកស្រូវស្រស់មកលីងក្នុងអំបែងឬខ្ទះ រហូតដល់ស្រូវចាប់ផ្ទុះមួយៗ រួចចាក់ស្រូវដែលបានលីងរួចចូលក្នុងត្បាល់ហើយដាល់ដោយប្រើគ្នា ១នាក់ ឬ២នាក់។ នៅពេលអំបុកពៀចសំប៉ែត និងខ្ចាត់សម្បកស្រូវចេញអស់ទើបឈប់ ហើយបារដាក់ចង្អេរយកទៅអុំយកសំបកស្រូវចេញ។ ជាទូទៅ គេជ្រើសរើសទទួលទានអំបុកដោយការអក ឬញាំជាមួយចេកទុំ និងទឹកដូងខ្ចី៕
សម្របសម្រួលដោយ៖ ផល្លីកា

មតិល្បី
សរសេរមតិ