ករណីប៉ះទង្គិចគ្នានៅលើផ្ទៃទន្លេសាបរវាងទូក ង ពីរគ្រឿងក្នុងការប្រកួតថ្ងៃទី១ ត្រូវបានដោះស្រាយរួចរាល់
ប្រធានគណៈកម្មការគ្រប់គ្រងទូក ង «មហាទន្សាយតេជោសែនជ័យ» បានសូមអភ័យទោសដល់ប្រធានគណៈកម្មការគ្រប់គ្រងទូក ង «សម្តេចវិបុលបញ្ញាបារមីមានជ័យ» ជាសារធារណៈដែលបានប៉ះទង្គិចគ្នាក្នុងការប្រកួតថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ កាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
តាមរយៈលិខិតដែលបានបញ្ជាក់ពីប្រធានគណៈកម្មការគ្រប់គ្រង និងដឹកនាំទូក ស្រុកកងមាស ខេត្តកំពង់ចាម បានឲ្យដឹងថា៖ ក្នុងនាមប្រធានគណៈកម្មការគ្រប់គ្រង និងដឹកនាំទូក ស្រុកកងមាស ខេត្តកំពង់ចាម ក្រោយពីទូក ង «មហាទន្សាយតេជោសែនជ័យ» ឆ្លងចូលខ្សែទឹកខាងទូក ង «សម្តេចវិបុលបញ្ញាបារមីមានជ័យ» ដែលនាំមានការប៉ះទង្គិចគ្នា គណៈកម្មការស្រុកបានណែនាំ អប់រំ ដល់កីឡាករទូកង «មហាទន្សាយតេជោសែនជ័យ» រួចហើយ។ 

ដូចនេះក្នុងនាមប្រធានគណៈកម្មការគ្រប់គ្រង និងដឹកនាំទូក ស្រុកកងមាស ខេត្តកំពង់ចាម សុំការអធ្យាស្រ័យ នូវកំហុសឆ្គងដោយអចេតនា របស់ក្រុមកីឡាករទូកង «មហាទន្សាយតេជោសែនជ័យ»។ ចំណុចនេះគឺជាគម្រូមួយដែលបង្ហាញពីការយោគយល់ និងខ្មែរស្រលាញ់ខ្មែរ ដើម្បីជំរុញញវិស័យទូក ង កាន់តែល្បីល្បាញក្រោមកីឡាក្នុងសម័យសន្តិភាព៕ 



មតិល្បី
សរសេរមតិ