មិនសរសើរមិនបាន! ទូក ង «នរិន្ទរង្សីពិជ័យចិត្របុត្រ» ជាចំណែកធ្វើឲ្យព្រះរាជពិធិបុណ្យអុំទូក ឆ្នាំ២០២៤ មានសន្ទុះអ្នកគាំទ្រលើសឆ្នាំនានា
ទោះបីមិនទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងព្រឹត្តិការណ៍អុំទូកថ្នាក់ជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ប៉ុន្តែទូក ង «នរិន្ទរង្សីពិជ័យចិត្របុត្រ» អាចឆក់យកបេះដូងអ្នកគាំទ្រក៏ដូចជា ថ្នាក់ដឹកនាំកំពូលៗស្ទើរតែទូទាំងប្រទេស ដែលនេះជាចំណែកធ្វើឲ្យព្រះរាជពិធិបុណ្យអុំទូកឆ្នាំ ២០២៤ មានសន្ទុះអ្នកគាំទ្រលើសឆ្នាំមុនៗ។ 
ជាការពិតណាស់ទូក «នរិន្ទរង្សីពិជ័យចិត្របុត្រ» គឺជាទូក ងមួយដែលមានវិន័យត្រឹមត្រូវ គោរពបានខ្ជាប់ខ្ជួន ដោយអាចឆ្លុះបញ្ជាំងឲ្យឃើញពីភាពអស្ចារ្យនៃការកើនឡើងប្រជាប្រិយភាពក៏ដូចជាសន្ទុះនៃការគាំទ្រស្ទើរទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤នេះ។ បើងាកមកដឹងពីលក្ខណៈពិសេសនៃទូកងមួយនេះរួមមាន៖ ទី១. កីឡាករនីមួយៗនៅក្មេងៗ ហើយភាគច្រើនកំពុងសិក្សា និងនៅលីវទៀតផង។ទី២. មុនប្រកួតកីឡាករទូកងមិនពិសាស្រា ឬគ្រឿងស្រវឹងឡើយ។ ទី៣. ទូកងនេះមិនអនុញាតិឲ្យឡើងជិះផ្តេសផ្តាសក្រៅពីចំណុះកីឡាករ។ ទី៤. កីឡាករនីមួយៗចេះសាមគ្គីគ្នាជាធ្លុងមួយបានយ៉ាងល្អ។ ទី៥. ទូកងមួយនេះគឺមានវិន័យល្អ គោរពគូប្រកួត។ និងចំណុចពិសេសចុងក្រោយទូក «នរិន្ទរង្សីពិជ័យចិត្របុត្រ» គឺជាទូក ង មួយដែលមានសោភ័ណភាពស្អាតប្រណិត ដែលស្របទៅតាមប្រពៃណីយ៉ាងល្អឥតខ្ចោះផងដែរ។

ម្យ៉ាងវិញទៀត កុំថាឡើយប្រជាពលរដ្ឋ សូម្បីថ្នាក់ដឹកនាំកំពូលៗក្នុងប្រទេសកម្ពុជា ក៏ផ្ទុះការចាប់អារម្មណ៍ កោតសរសើរ ក៏ដូចជាមានការចែករំលែករូបភាព និងវីដេអូយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម អំពីទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ»នេះដែរ។ រហូតមានយុវជនខ្មែរភាគច្រើនបានលាន់មាត់សរសើរដោយលើកឡើងថា «ពីក្មេងម្នាក់ដែលមិនដែលចាប់អារម្មណ៍មើលការប្រណាំងទូកងសោះ បែរមកចេះមើលប្រកួត ប្រណាំទូក ង ដោយសារទូក នរិន្ទរង្សីពិជ័យចិត្របុត្រ។ 

សូមបញ្ជាក់ជូនថា ទូកង«នរិន្ទរង្សីពិជ័យចិត្របុត្រ» មកពីខេត្តបាត់ដំបង ដែលស្ថិតក្រោមការជួយជ្រោមជ្រែងដោយ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកសោភ័ណភាព។ និងជាប់ចំណាត់ថ្នាក់លេខ៥ ផ្នែកល្បឿនទូទាំងប្រទេស។ ក្នុងការប្រកួត៦ជើងទូកងមួយនេះបានយកឈ្នះ៥ជើងផងដែរ៕

មតិល្បី
សរសេរមតិ