សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥
សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖
១. កម្លាំងនគរបាល ត្រូវបង្កើនសកម្មភាពទ្វេរដងដើម្បីទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងក្នុងឆ្នាំ២០២៥
ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាឱ្យកម្លាំងនគរបាលត្រូវតែបង្កើនសកម្មភាពទ្វេរដង ដើម្បីបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបក្រុមក្មេងទំនើងសម្រាប់ឆ្នាំ២០២៥នេះ។
២. ភ្នាក់ងារសម្ងាត់អាម៉េរិក ស្នើសុំធនាគារជាតិនៃកម្ពុជា ជួយទប់ស្កាត់ក្រដាសប្រាក់ដុល្លារអាម៉េរិកក្លែងក្លាយ
ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាម៉េរិកក្លែងក្លាយ តាមសំណើរបស់ភ្នាក់ងារសម្ងាត់អាម៉េរិក។
៣. ប្រាសាទបាយ័ន ជាប់ចំណាត់ថ្នាក់ជាកន្លែងស្រស់ស្អាតបំផុតសម្រាប់ទេសចរក្នុងចំណោម ៧១កន្លែងនៅទូទាំងពិភពលោក
ប្រាសាទបាយ័ន ត្រូវបានជាប់ចំណាត់ថ្នាក់ជាកន្លែងស្រស់ស្អាតបំផុតសម្រាប់ទេសចរក្នុងចំណោម ៧១កន្លែងនៅទូទាំងពិភពលោកដោយ Conde Nast Traveller។
៤. លោក Yoon Suk Yeol នៅតែរក្សាជំហរទប់ទល់នឹងការចាប់ខ្លួន ខណៈដីកាចាប់ខ្លួនផុតកំណត់ត្រឹមថ្ងៃទី៦
លោក Yoon Suk Yeol កំពុងទប់ទល់នឹងការចាប់ខ្លួនរយៈពេល ៣ថ្ងៃនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានប្តេជ្ញាថានឹង "ប្រយុទ្ធ" ដែលអាជ្ញាធរស្វែងរកការសាកសួរជុំវិញបទចោទប្រកាន់ជាច្រើននៃច្បាប់អាជ្ញាសឹកដែលបរាជ័យរបស់លោក។
៥. បុរសម្នាក់បើករថយន្តបុកហ្វូងមនុស្សនៅថ្ងៃចូលឆ្នាំថ្មីក្នុងក្រុង New Orleans បណ្តាលឲ្យមនុស្សស្លាប់១៥នាក់ និងរបួសជាច្រើននាក់
ទាហានជើងចាស់អាម៉េរិកម្នាក់បានបើករថយន្តដឹកទំនិញរបស់ខ្លួនក្នុងល្បឿនលឿនចូលទៅក្នុងហ្វូងមនុស្សជាច្រើននៅទីក្រុង New Orleans នៅថ្ងៃចូលឆ្នាំថ្មី ទី១ខែ មករា ឆ្នាំ២០២៥ ដោយបានសម្លាប់មនុស្ស ១៥ នាក់។
៦. អ្នកទេសចរជប៉ុន បានសុំទោសចំពោះអាកប្បកិរិយាមិនសមរម្យទៅកាន់ប៉ូលីសដោយព្យាយាមបង្ហោះគោមនៅតំបន់ហាមឃាត់
អ្នកទេសចរជប៉ុន បានសុំទោសចំពោះអាកប្បកិរិយាមិនសមរម្យទៅកាន់ប៉ូលីសដោយព្យាយាមបង្ហោះគោមនៅតំបន់ហាមឃាត់ ព្រោះអាចបង្កជាអគ្គីភ័យ នៅយប់រំលងអាធ្រាតថ្ងៃឆ្លងឆ្នាំ៕
៧. ត្រីកំពុងត្រូវច្រើន សាកសមឲ្យប្រជាពលរដ្ឋទិញធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត បន្ទាប់ពីខ្នើត ខែមិគសិរកន្លងមកនេះ ត្រីក៏បន្តបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន។
៨. Madam Da នឹងចាត់វិធានការតាមច្បាប់ជុំវិញការចុះផ្សាយព័ត៌មានមិនពិតប៉ះពាល់ដល់កិត្តិយស
ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានមិនពិតច្រើនពាក់ពន្ធ័នឹងរឿងរ៉ាវ Madam Da ជំពាក់បំណុលប្រមាណជា ៣០មុឺនដុល្លារ ធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល ដោយរឿងរ៉ាវពិតនៅពីក្រោយនេះគឺ Madam Da គ្រាន់តែជាអ្នកធានាជំនួសកូនចៅដែលបានកម្ចីអនឡាញចិនសងយ៉ាងណាក៏មិនចេះអស់ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់អ្នកលក់អនឡាញរូបនេះជាខ្លាំង។
៩. មនុស្ស ៤នាក់បានបញ្ជូនទៅពន្ធនាគារ បន្ទាប់ពីគឃ្លើនសារាចរណែនាំឱ្យបញ្ឈប់ការផ្សាយល្បែងអនឡាញ
មនុស្ស៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជាតិឃាត់ខ្លួននិងបានបញ្ជូនទៅឃុំនៅពន្ធនាគារជាបណ្ដោះអាសន្ន បន្ទាប់ពីត្រូវបានរកឃើញថា បន្តផ្សព្វផ្សាយល្បែងអនឡាញ ឥតញញើតសារាចរណែនាំ និងឱសានវាទកំណត់ដោយប្រមុខក្រសួងមហាផ្ទៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តាមគោលការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើតាមការឲ្យដឹងពីឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
១០. ម្ចាស់ផ្ទះមិននៅទៅឆ្លងឆ្នាំ មកវិញអគ្គិភ័យឆាបឆេះផ្ទះអស់ចំនួន៦ខ្នងជាប់ៗគ្នា
ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួនអស់ ៦ខ្នងជាប់ៗគ្នា ដោយសារទុស្សេចរន្តអគ្គិសនី ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៦អា ក្នុងភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល៕
មតិល្បី
សរសេរមតិ