រកឃើញម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រឡងសរសេរតាមអាន «សំណេរអង្គរ» លើកទី២ហើយ!
អបអរសាទរម្ចាស់ជ័យលាភី នៃកម្មវិធីប្រកួតសរសេរតាមអាន "សំណេរអង្គរ" លើកទី២ ឆ្នាំ២០២៥ នៅស្ពានហាល ប្រាសាទអង្គរវត្ត។
ព្រឹត្តិការណ៍ប្រកួតសរសេរតាមអានជាសាធារណៈលើកទី២ នៅកម្ពុជា “សំណេរអង្គរ”បានដំណើរការអស់រយៈពេល១ថ្ងៃពេញ គឺថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ប្រព្រឹត្តទៅតាមកម្មវិធីដែលបានគ្រោងទុក និងអនុវត្តនីតិវិធីនៃការប្រកួតបានត្រឹមត្រូវតាមសេចក្តីណែនាំរបស់គណៈមេប្រយោគ សម្រេចបានលទ្ធផលល្អប្រកបដោយភាពរលូន មិនមានបាតុភាពអវិជ្ជមានដែលប៉ះពាល់ដល់ដំណើរការប្រកួតឡើយ។ម្ចាស់ជ័យលាភីទាំងអស់ក្នុងការប្រកួតសរសេរតាមអាន "សំណេរអង្គរ" លើកទី២ ឆ្នាំ២០២៥ នៅស្ពានហាល ប្រាសាទអង្គរវត្ត ដែលជាបេក្ខជនអាយុ១៩ឆ្នាំឡើងទៅចំនួន ៣រូប ដែលជាប់ជ័យលាភីសំណេរអង្គរ រួមមាន៖ ជ័យលាភីលេខ១ គឺបេក្ខជន ជា សារី មកពីខេត្តសៀមរាប។ ជ័យលាភីលេខ ២គឺ ព្រះអង្គ យ៉ុន បញ្ញា មកពីខេត្តបាត់ដំបង។ ជ័យលាភីលេខ ៣គឺ បេក្ខនារី យ៉ុយ ស្រីណុច មកពីខេត្តបន្ទាយមានជ័យ។
ចំពោះ បេក្ខជនអាយុ១៨ឆ្នាំចុះក្រោមចំនួន ៣រូប ដែលជាប់ជ័យលាភីសំណេរអង្គរ រួមមាន៖ ជ័យលាភីលេខ១ បេក្ខនារី រ៉េន វត្ថនា មកពីខេត្តកណ្ដាល។ ជ័យលាភីលេខ ២ បេក្ខជន គឿន ពុទ្ធារ័ត្ន មកពីខេត្តព្រៃវែង និងជ័យលាភីលេខ ៣ បេក្ខជន តែន ស៊ីដា មកពីខេត្តសៀមរាប។
ដោយឡែក បេក្ខជនអាយុក្រោម១៨ឆ្នាំ ដែលបានសរសេរអក្សរស្អាតជាងគេ មានឈ្មោះ រ៉េន វត្ថនា មកពីខេត្តកណ្ដាល និងបេក្ខជនអាយុលើស១៩ឆ្នាំ ឈ្មោះ អូន ប៉ី នៅខេត្តសៀមរាប។គួរឲ្យដឹងដែរថា បេក្ខជន ១ ២២០អង្គ/នាក់ មកពី២២រាជធានី-ខេត្ត រួមទាំងបរទេស ចូលរួមប្រកួតសរសេរតាមអាន «សំណេរអង្គរ»។ ក្នុងចំណោមបេក្ខទាំងអស់ មានព្រះសង្ឃ៨២ អង្គ។ បេក្ខជនចាស់ជាងគេអាយុ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ៦ឆ្នាំ។ ការប្រកួតនេះ មានគណៈកម្មការចូលរួមកែវិញ្ញាសាចំនួន៦០នាក់ ដោយជ្រើសរើសម្ចាស់ជ័យលាភីចំនួន៦នាក់ ដែល៣នាក់សម្រាប់បេក្ខជនអាយុចាប់ពី១៩ឆ្នាំឡើង និង៣នាក់សម្រាប់បេក្ខជនអាយុចាប់ពី១៨ឆ្នាំចុះក្រោម៕
មតិល្បី
សរសេរមតិ