យុវជនម្នាក់ស្លៀកពាក់ឯកសណ្ឋានកងកម្លាំងនគរបាលថត TikTok ត្រូវបានសមត្ថកិច្ចកោះហៅអប់រំធ្វើកិច្ចសន្យា
ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចេញសេចក្តីបំភ្លឺព័ត៌មាន ដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម ឲ្យបានជ្រាបថា នាពេលថ្មីៗកន្លងទៅនេះ មានគណនី Tik Tok ឈ្មោះ Nha Jaksloy ជាជនស៊ីវិលបានបង្ហោះវីឌីអូរឃ្លីបស្លៀកពាក់ឯកសណ្ឋានជាកងកម្លាំងនគរបាលជាតិ ប្រើប្រាស់នូវកាយវិការមិនសមរម្យដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។
ក្រោយពីបានឃើញនូវ Tik Tok ខាងលើនេះ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានស្រាវជ្រាវរកឃើញ និងកោះហៅមកសាកសួរបំភ្លឺ នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បុគ្គលនោះ មានឈ្មោះ ជា ប៉ុន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាកម្មករ មានទីលំនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពិតជាបានបង្ហោះនូវវីឌីអូរឃ្លីបក្នុងគណនី Tik Tok របស់ខ្លួនពិតប្រាកដមែន ក្នុងគោលបំណងចង់ឲ្យមានអ្នកមើលច្រើន ។ បុគ្គលខាងលើបានសារភាពថាពិតជាបានយកឯកសណ្ឋាន នគរបាលរបស់ឪពុកខ្លួន ដែលជានគរបាលការពារព្រំដែន បានទុកនៅក្នុងផ្ទះយកមកពាក់រួចថតជាវីឌីអូរ បង្ហោះក្នុងគណនី Tik Tok របស់ខ្លួន ដោយពុំបានយល់ដឹងអំពីផ្លូវច្បាប់ និងការប៉ះពាល់ដល់កិត្តិយស របស់កងកម្លាំងនគរបាលជាតិ បន្ទាប់ពីបានដឹងថាខ្លួនខុស បុគ្គលខាងលើបានទៅកាត់សក់ឱ្យខ្លី ដើម្បីមិនចង់ឲ្យគេស្គាល់រូបខ្លួន។
បន្ទាប់ពីបានធ្វើការសាកសួររួចបុគ្គលខាងលើបានធ្វើកិច្ចសន្យារាងចាល បញ្ឈប់ធ្វើសកម្មភាព ដែលប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងនគរបាល និងសង្គមតទៅទៀត៕

មតិល្បី
សរសេរមតិ