រមណីយដ្ឋានគីរីរម្យ ទឹកដីធម្មជាតិដែលគួរឱ្យចង់គយគន់
មានរមណីយដ្ឋានមិនតិចនោះទេដែលមានឈ្មោះល្បីល្បាញទូទាំងប្រទេសកម្ពុជា ប៉ុន្តែក្នុងចំណោមរមណីយដ្ឋានដ៏ច្រើនទាំងនោះ គឺមានរមណីយដ្ឋានគីរីរម្យមួយដែលជាទីកន្លែងទទួលបានការពេញនិយមពីសំណាក់បងប្អូនប្រជាជនខ្មែរនាំគ្នាទៅលេងយ៉ាងច្រើនកុះករ និងស្ថិតនៅក្នុងខេត្តដែលល្បីរន្ទឺថាសម្បូរទៅដោយ ដើមត្នោត ជាងគេក្នុងប្រទេសកម្ពុជា។
រមណីយដ្ឋានគីរីរម្យ ស្ថិតនៅក្នុងឃុំគីរីរម្យ ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ និងភាគខាងត្បូងឆៀងខាងលិចក្នុងចម្ងាយ ១១៧ គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ។ វាជាតំបន់ធម្មជាតិមួយដ៏សម្បូរបែប និងមានភាពទាក់ទាញគួរឲ្យចាប់អារម្មណ៍ គួរឲ្យចង់ទៅលេងកម្សាន្តដោយសារវាមាន ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ រមណីដ្ឋានគីរីរម្យ(ក្រោម) និងទឹកជ្រោះអន្លង់រ័ត្ន ព្រមកន្លែងរមណីយដ្ឋានសប្បនិមិត្តផ្សេងៗទៀត។
១. ឧទ្យានព្រះសុរាម្រិតកុសមៈ
ឧទ្យាននេះស្ថិតនៅលើភ្នំ គីរីរម្យ ដែលមានកំពស់ ៧០០ ម៉ែត្រ កាលពីដើមឡើយវាមានឈ្មោះថាភ្នំ វរវង្ស សូរវង្ស ជាតំបន់ប្រកបទៅដោយសម្បត្តិធម្មជាតិលាតសន្ធឹងលើផ្ទៃដីប្រមាណ ៨ ៤០១ហិកតា ហើយត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤០ ដោយនាយកដ្ឋានគង្គា រុក្ខាប្រមាញ់ ក្រោយមកនៅឆ្នាំ ១៩៤៤ សម្ដេចព្រះនរោត្តម សីហនុ បានទៅលេងទីនោះក៏កើតការសព្វព្រះទ័យជាខ្លាំងរហូតដល់ដាក់ឈ្មោះតំបន់នោះថា “ខ្ពង់រាបគីរីរម្យ” និងបានបង្កើតឧទ្យានជាតិព្រះសុរាម្រិតកុសុមៈនៅឆ្នាំ ១៩៩៣។
វាគ្របដណ្ដប់ទៅដោយព្រៃប្រឹក្សា ជាពិសេសព្រៃដើមស្រល់យ៉ាងក្រាស់ឃ្មឹក មានផ្កាអ័រគីដេដុះត្រៀបត្រាតាមធម្មជាតិតោងទាមលើដើមឈើព្រៃជាម្លប់ដ៏មនោរម្យ ទឹកធ្លាក់ដែលមានសត្វម្រឹគីម្រឹគា លើសពីនេះលោកអ្នកអាចជ្រមុជទឹកមើលត្រីបានថែមទៀត ជិះកង់កម្សាន្ត បោះតង់ គួបផ្សំអាកាសធាតុត្រជាក់សមល្មមដ៏អំណោយផលទៀត ធ្វើឲ្យគ្រប់យ៉ាងនៅទីនោះកើតជាតំបន់ទេសចរដ៏ស្រស់ស្អាតបំផុត និងស្រស់បំព្រង។
ហើយយោងតាមរយៈប្លុក(Blog)របស់ Rein All ដែលយកទិន្នន័យពីហ្វេសប៊ុក Pol Rider បានឲ្យដឹងថានៅឧទ្យាននេះមានកន្លែងអាថ៌កំបាំងមួយទៀតមានឈ្មោះថា ថ្មលយ ឬអូរតាសេក មានទីតាំងនៅជិតជ្រោះផ្ដាច់ព្រលឹង បើបានទៅដល់ទីនេះលោកអ្នកនឹងបានឃើញពីទស្សនីយភាពនានាពីលើផ្ទាំងថ្មដ៏កម្រនៃភ្នំគីរីរម្យ ជាពិសេសពេលព្រះអាទិត្យអស្ដងគតគឺស្រស់ស្អាតមែនទែន មើលឃើញផ្ទៃមេឃក្រហមឆ្អិនឆ្អៅ លាយលំជាមួយដុំពពកហោះយឺត គួបផ្សំនឹងទេសភាពព្រៃប្រឹក្សាផ្នែកខាងក្រោមរឹតតែបង្កើតបានបរិយាកាសមួយដ៏ល្អគួរឲ្យចងចាំជារៀងរហូត។
(ប្រភពរូបភាព៖ Google និង ក្រសួងបរិស្ថាន)
២. រមណីយដ្ឋានគីរីរម្យ (ក្រោម)
រមណីយដ្ឋាននេះស្ថិតនៅក្បែរជើងភ្នំ គីរីរម្យ ផ្ទាល់តែម្ដង ហើយទីនេះភាគច្រើនមិនសូវជាធម្មជាតិប៉ុន្មានទេ ព្រោះវាច្រើនត្រូវបានគេកែច្នៃបង្កើតជាកន្លែងទេសចរណ៍ដ៏រស់រវើកដើម្បីទាក់ទាញភ្ញៀវទេសចរ។
ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី បែរជាសម្បូរអ្នកទៅលេងទីនោះមិនចេះតិចដូចគ្នាដែរ និយាយរួមទៅវានៅតែជាទីពេញនិយមមិនចាញ់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈនោះឡើយ ដោយវាមានទាំងសណ្ឋាគារ រីសតដូចធម្មជាតិពិតៗ កន្លែងក្មេងលេង ហើយនៅអាចចូលទៅលេងផ្ទះស្បូវ សួនរូបចម្លាក់ដាយណូស័រ ទីលានលេងកីឡា តំបន់ផ្ការីកស្អាត អាចបោះតង់ និងកន្លែងងូតទឹកផ្សេងៗទៀតជាដើម។
(ប្រភពរូបភាព៖ ផ្កា-គីរីរម្យ និង Google)
៣. ទឹកជ្រោះអន្លង់រ័ត្ន
បើនិយាយដល់ទឹកជ្រោះនៅគីរីរម្យគ្រប់គ្នាច្បាស់ជានឹកឃើញដល់ទឹកធ្លាក់ ៩ជាន់ចំបក់ ប៉ុន្តែនៅទីនេះខ្ញុំនឹងនិយាយអំពីទឹកជ្រោះអន្លង់រ័ត្ន ដែលជាទឹកធ្លាក់មួយកន្លែងដ៏ស្រស់ស្អាត និងគួរជាទីចាប់អារម្មណ៍ ស្ថិតនៅចម្ងាយ ៤គីឡូម៉ែត្រ ប៉ែកខាងជើងឧទ្យានជាតិព្រះសុរាម្រិតកុសមៈ និងប្រមាណ ៣គីឡូម៉ែត្រ រមណីដ្ឋានទឹកធ្លាក់ចំបក់។ វាត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៨ ក្រោមការដឹកនាំរបស់អង្គការម្លប់បៃតង និងមន្ទីរទេចរណ៍ ខេត្តកំពង់ស្ពឺ ក្រោមការឧបត្ថម្ភរបស់អង្គការ វីស៊ីអិន របស់ប្រទេសហូឡង់។
វាជារមណីយដ្ឋានដែលមានសភាពស្ងប់ស្ងាត់ល្អ មានព្រៃព្រឹក្សា ទឹកហូរខ្មួលខ្មាញ់តែថ្លាត្រជាក់ អមជាមួយសម្រស់ធម្មជាតិបៃតងដ៏ស្រស់ត្រកាល និងសំឡេងបក្សាបក្សីស្រែកអឺងកង ដែលធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានទស្សនាហើយពិតជាមិនអាចបំភ្លេចនូវទស្សនីយភាពទាំងនោះបាន។ ក្រៅពីការទស្សនាទឹកជ្រោះព្រៃព្រឹក្សា និងងូតទឹកបឹងដ៏ត្រជាក់ចិត្តហើយ ភ្ញៀវទេសចរក៏អាចទស្សនានូវ ល្បែងប្រជាប្រិយ ដែលសម្តែងដោយអ្នកភូមិ និងធ្វើការស្វែងយល់ពីជីវភាព ព្រមទាំងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍មួយនេះទៀតផង ជាពិសេសអ្នកនឹងទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ពួកគាត់។
៤. រីសតដើមស្រល់វីគីរីរម្យ (V Kirirom Pine Resort)
វា គឺជារីសតមួយដែលបង្កើតដោយជនជាតិជប៉ុនម្នាក់ក្នុងគម្រោង “វីគីរីរម្យ” (Vkirirom) ត្រូវបានសាងសង់ឡើងនៅលើភ្នំ គីរីរម្យ ផ្ទាល់តែម្ដងកាលពីឆ្នាំ២០១៤។ វាជាទីកន្លែងដ៏ពេញនិយមបំផុតនៅតំបន់ភ្នំគីរីរម្យ និងសម្បូរមនុស្សទៅលេងជាងគេដោយសារតែនៅទីនោះមានទេសភាពស្អាត ទីកន្លែងស្អាតមានអនាម័យ ជាពិសេសមានកម្មវិធីលេងសប្បាយផ្សេងៗដូចជា៖
- បោះតង់៖ លោកអ្នកនឹងទទួលបានបទពិសោធប្លែកថ្មីជាមួយនឹងការបោះតង់នៅព្រៃក្នុងតម្លៃ ២០ដុល្លារ និងកន្លែងស្នាក់នៅផ្សេងទៀតដូចជា រោងទំនើប បឹងកាឡូ បន្ទប់បំពង់ឬស្សី ផ្ទះស្បូវ តង់កន្តឹង វីឡាជាដើម ដែលមានតម្លៃខុសៗគ្នា។
- ជិះសេះ៖ អស់ត្រឹមតែ ១០ដុល្លារ លោកអ្នកអាចបង្កើតដំណើរកម្សាន្តយ៉ាងសប្បាយជាមួយនឹងការជិះសេះដើរក្នុងព្រៃដើមស្រល់ គ្រាន់តែគិតក៏សប្បាយ និងរំភើបដែរ។
- បាល់យក្ស៖ ចំណាយតែ ៥ដុល្លារ ចូលក្នុងបាល់យក្សបានបីដង លេងយ៉ាងសប្បាយជាមួយអ្នកដទៃទៀត ចង់រត់បុកគ្នា រមៀលដូចបាល់ក៏បាន។
- ឡើងជញ្ជាំង៖ អស់ ១០ ដុល្លារ ឡើងបានបីដង។
- ពានយោង៖ ចំណាយតែ ១៥ដុល្លារ លោកអ្នកនឹងជួបអារម្មណ៍រំភើបផងភ័យផងជាមួយនឹងការដើរលើងស្ពានយោងលើដើមឈើ។
- ស្ទួចត្រីជាដើម។
ហើយនៅមានកម្មវិធីពិសេសៗ និងប្លែកថ្មីដទៃទៀតដែលកំពុងរង់ចាំលោកអ្នក។
ទីតាំង៖ នៅក្បែរជើងភ្នំគីរីរម្យ។
អត្ថបទដោយ៖ កុសល
热门评论
评论