រមណីយដ្ឋាន ជ្រោះទឹកឈូ ខេត្តកំពត
ទេសចរណ៏ ទឹកឈូ ឬក៏គេច្រើនហៅថា កំពតទឹកឈូ, ជ្រោះទឹកឈូ មានទីតាំងស្ថិតនៅ ភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត និងមានចម្ងាយប្រហែល ~10km ពីរង្វង់មូលធូរេន។
ទេសចរណ៏ ទឹកឈូស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទឹកជ្រោះឬទឹកធ្លាក់ និងទេសចរណ៍ធម្មជាតិ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានទេសចរណ៏ ទឹកឈូដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ លេងទឹកឬហែលទឹក, ទស្សនាទេសភាពព្រៃភ្នំ, រៀបចំអាហារដោយខ្លួនឯង, ម្ហូប និងចំណុចផ្សេងៗទៀត។
រមណីយដ្ឋានទឹកឈូ ជារមណីយដ្ឋានដែលមានវ័យចំណាស់ជាងគេបន្ទាប់ពីរមណីយដ្ឋានភ្នំបូកគោ។ រមណីយដ្ឋានទឹកឈូជាតំបន់មានទឹកធ្លាក់ហូរកាត់តាមជ្រលងភ្នំកំចាយទៅតាមព្រែករហូតដល់ទីរួមខេត្តកំពត ដែលជាប្រភពទឹកសាបយ៉ាងសំខាន់ សម្រាប់ផ្គត់ផ្គង់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅជុំវិញទីរួមខេត្តកំពតផងដែរ។
ក្រៅពីនោះ យើងក៏អាចគយគន់នូវទេសភាពចម្ការដំណាំហូបផ្លែជាច្រើនមុខរបស់ប្រជាពលរដ្ឋដែលរស់នៅទីនោះនៅអមសងខាងផ្លូវផងដែរ ជាពិសេសចម្ការទុរេន ជាដំណាំដ៏ល្បីល្បាញរបស់ខេត្តមួយនេះ។
រមណីយដ្ឋានទឹកឈូ បានក្លាយជាទីពេញនិយមរបស់ភ្ញៀវទេសចរ ដែលតែងតែទទួលការសរសើរមិនដាច់ពីមាត់ ចំពោះសម្រស់ទឹកហូរថ្លាឈ្វេង។ រមណីយដ្ឋានទឹកឈូ មានខ្សល់ត្រជាក់បរិសុទ្ធ និងមានភ្នំតូច ភ្នំធំ ព័ទ្ធជុំវិញថែមទៀតផង។
ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចធ្វើដំណើរចេញពីផ្សារសាមគ្គីខេត្តកំពត ទៅស្ពានព្រែកកំពតឆ្លងកាត់ស្ពានបន្តិចបត់ស្តាំទៅត្រង់ប្រមាណជា៨គីឡូម៉ែត្រ ពេលនោះនឹងប្រទះភ្នែកឃើញរមណីយដ្ឋាន ទឹកឈូជាមិនខានឡើយ។
សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានទេសចរណ៏ ទឹកឈូ ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។
សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានទេសចរណ៏ ទឹកឈូ គឺមានខ្យូសអង្គុយ រឺក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្មង់អាហារផ្ទាល់ពីទីនោះផងដែរ។ លើសពីនេះទៅទៀត រមណីយដ្ឋានទេសចរណ៏ ទឹកឈូមានកន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ, មានអាហារដ្ឋាន និងមានភោជនីយដ្ឋានទៀតផង។
សម្រាប់កន្លែងស្នាក់នៅ រមណីយដ្ឋានទេសចរណ៏ ទឹកឈូមានផ្ទះសំណាក់ និងមានសណ្ឋាគារ ប៉ុន្តែសម្រាប់បឹងហ្គាឡូពុំទាន់មានឡើយទេ។
热门评论
评论